អាជ្ញាធរក្រុងចាកាតា នឹងហាមឃាត់ការលក់និងបរិភោគសាច់ឆ្កែ សាច់ឆ្មា និងសាច់ប្រចៀវ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្កែឆ្កួត
ឥណ្ឌូណេស៊ី៖ អាជ្ញាធរក្រុងចាកាតា នៃប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងអនុវត្តបទបញ្ជាហាមឃាត់ការលក់និងបរិភោគសាច់ឆ្កែ សាច់ឆ្មា និងសាច់ប្រចៀវ យ៉ាងតឹងរឹងបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៦ ខែវិច្ឆិកា។ ការអនុវត្តបទបញ្ជាខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្កែឆ្កួត ដែលអាចចម្លងចេញពីសាច់សត្វទាំង ៣ប្រភេទខាងលើនេះ។

បើតាមលោក Pramono Anung ដែលជាអភិបាលក្រុងចាកាតាបានបញ្ជាក់ថា ការចុះហត្ថលេខាលើបទបញ្ហាខាងលើនេះត្រូវបានធ្វើឡើងជាផ្លូវការនៅក្នុងថ្ងៃទី២៤ ខែវិច្ឆិកា ខណៈការអនុវត្តជាក់ស្តែងនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ៦ខែបន្ទាប់មកទៀត។ អភិបាលក្រុងរូបនេះបានបន្តថា ចំពោះអ្នកដែលបំពាននឹងបទបញ្ជាខាងលើ គឺអាជ្ញាធរនឹងចាត់វិធានការមួយចំនួនចំពោះពួកគេ ដូចជាចេញលិខិតព្រមាន ដកហូតអាជ្ញារប័ណ្ណអាជីវកម្មទាំងស្រុង និងពិន័យជាប្រាក់ចំនួនផងដែរ។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីខែមករា រហូតដល់ដល់ត្រឹមខែមីនា ឆ្នាំ២០២៥ អាជ្ញាធរសុខាភិបាលក្រុងចាកាតាបានរកឃើញករណីអ្នកស្លាប់ដោយជំងឺឆ្កែឆ្កួតចំនួន ២៥ករណី៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time