តុលាការជប៉ុនសម្រេចចោទប្រកាន់ស្រ្តីវៀតណាម ២នាក់ ក្នុងសំណុំរឿងរត់ពន្ធសារធាតុខុសច្បាប់តម្លៃជិត ១លានដុល្លារ ពីប្រទេសថៃទៅកាន់ជប៉ុន
ជប៉ុន៖ តុលាការជប៉ុនសម្រេចចោទប្រកាន់ ស្រ្តីជនជាតិវៀតណាមចំនួន ២រូប ក្នុងសំណុំរឿងរត់ពន្ធគ្រឿងញៀនខុសច្បាប់ចំនួន ៣១គីឡូក្រាមពីប្រទេសថៃទៅកាន់ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express ។ ជនជាប់ចោទទាំង ២រូបនោះ រួមមាន ឈ្មោះ Ta Thi Linh អាយុ ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ Hoang Thuy Tien អាយុ ២៥ឆ្នាំ។

បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា គ្រឿងញៀនដែលស្រ្តីវៀតណាមទាំង ២នាក់នេះបានធ្វើការរត់ពន្ធពីប្រទេសថៃឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិ Kansai ក្នុងប្រទេសជប៉ុននោះគឺជាកញ្ឆា ដែលពួកគេបានរៀបចំជាកញ្ចប់តូចៗ ហើយដាក់នៅក្នុងកេះដោយបន្លំថា ជាបង្គាក្រៀមនិងត្រី។ ប្រភពខាងលើបានបន្តថា កញ្ឆាទាំងជាង ៣០គីឡូក្រាមនេះអាចមានតម្លៃជាទឹកប្រាក់ប្រមាណជា ១៥៥ លានយេន (៩៩៣,០០០ដុល្លារអាមេរិក) ហើយវាក៏ជាសំណុំរឿងរត់ពន្ធកញ្ឆាដែលមានតម្លៃច្រើនបំផុតសម្រាប់ប្រទេសជប៉ុនផងដែរ បើគិតចាប់តាំងពីឆ្នាំ១៩៩៣មក៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express