ស្រីលង្កាប្រកាសអាសន្នជាថ្មីជុំវិញបញ្ហាទឹកជំនន់ ខណៈតួលេខអ្នកបាត់បង់ជីវិតកើនដល់ជាង ៦០០នាក់ និងជាង ២លាននាក់កំពុងរងផលប៉ះពាល់
ស្រីលង្កា៖រដ្ឋាភិបាលនៃប្រទេសស្រីលង្កាបានប្រកាសអាសន្នជាថ្មីម្តងទៀតជុំវិញបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៦ ខែធ្នូ។ ការសម្រេចប្រកាសអាសន្នជាថ្មីនេះគឺត្រូវបានធ្វើឡើងដោយសារតែភ្លៀងនៅបន្តធ្លាក់ខ្លាំង ដែលជំរុញឱ្យកម្រិតទឹកជំនន់ទឹកភ្លៀង និងបញ្ហាបាក់ដីកាន់តែធ្ងន់ធ្ងរឡើងៗ។

គួររម្លឹកជូនថា តំបន់ភាគកណ្តាលនៃប្រទេសស្រីលង្កាបានទទួលរងការគំរាមកំហែងដោយសារបញ្ហាទឹកជំនន់និងបំណាក់ដីអស់រយៈពេលជាង ១សប្តាហ៍មកហើយ ដែលគ្រោះធម្មជាតិនេះបានបង្កឡើងដោយសារតែឥទ្ធិពលរបស់ព្យុះស៊ីក្លូនឌីតវ៉ា។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា (DMC) បានឱ្យដឹងថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បង់ជីវិតដោយសារគ្រោះធម្មជាតិខាងលើនេះបានកើតឡើងដល់ចំនួន ៦០៧នាក់ ហើយពលរដ្ឋដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះដើម្បីទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះមានប្រមាណជា ២២៥,០០០នាក់ ខណៈពលរដ្ឋដែលបានរងផលប៉ះពាល់ដោយប្រយោលវិញមានជាង ២លាននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia