មនុស្ស ២នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍មានភ្លើងឆេះបន្ទប់សូណាមួយកន្លែងនៅប្រទេសជប៉ុន
ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះបន្ទប់សូណា (Sauna) ឯកជនមួយកន្លែងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែធ្នូ។ បន្ទប់សូណាដែលជាកន្លែងកើតហេតុនេះគឺជាផ្នែកមួយរបស់ហាង Saunatiger មានទីតាំងស្ថិតនៅក្នុងសង្កាត់ Akasaka នៃទីក្រុងតូក្យូ។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២រូបនេះ រួមមាន លោក Masanari Matsuda អាយុ ៣៦ឆ្នាំ និងម្នាក់ទៀតជាប្រពន្ធរបស់គាត់ មានឈ្មោះថា Yoko និងមានអាយុ ៣៧ឆ្នាំ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ប្តីប្រពន្ធទាំង ២នេះ គឺជាម្ចាស់ហាង Saunatiger ដែលជាកន្លែងកើតហេតុខាងលើនេះផ្ទាល់តែម្តង ដោយស្រ្តីជាប្រពន្ធគឺជាអ្នកជំនាញផ្នែកកាត់ក្រចក និងបុរសជាប្តីជាអ្នកគ្រប់គ្រងទូទៅ។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់ ដែលបណ្តាលឱ្យអគ្គិភ័យខាងលើនេះនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time