មនុស្ស ១០នាក់ត្រូវជាប់ពន្ធនាគារចម្លោះពី ៤-៨ខែ ក្រោយបរិហារលោកជំទាវទី១ របស់ប្រទេសបារាំងថា ជាមនុស្សកែភេទ
បារាំង៖ តុលាការក្រុងបារីសសម្រេចចោទប្រកាន់មនុស្ស ចំនួន ១០នាក់ឱ្យមានទោស ក្រោយពួកគេបានបរិហារលោកជំទាវទី១ របស់ប្រទេសបារាំងថា ជាមនុស្សកែភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ABC នៅក្នុងថ្ងៃទី៦ ទីខែមករា។ នៅលើបណ្តាញអ៊ីនធឺណិតក្រុមមនុស្សទាំង ១០នោះ បានធ្វើការផ្សព្វផ្សាយព័ត៌ដោយរិះគន់ថា ភរិយារបស់លោកប្រធានាធិបតីបារាំងមានភេទពីកំណើតជាមនុស្សប្រុសហើយបានកែភេទទៅជាមនុស្សស្រី។
ពួកគេក៏បានរិះគន់ផងដែរថា រវាងលោកជំទាវទី១ របស់ប្រទេសបារាំង និងលោកប្រធានាធិបតីបារាំងគឺពួកគាត់មានគំលាតអាយុខុសគ្នារហូតដល់ទៅ ២៤ឆ្នាំ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញទាំង ១០រូបនោះ គឺមានមនុស្សប្រុសចំនួន ៨នាក់ និងមនុស្សស្រីចំនួន ២នាក់ ដែលមានអាយុចន្លោះពី ៤១ឆ្នាំដល់៦៥ឆ្នាំ។ ចំពោះការទទួលទោសវិញ គឺពួកគេម្នាក់ៗត្រូវជាប់ពន្ធនាគារក្នុងរយៈពេលផ្សេងគ្នាចន្លោះពី ៤ខែ ដល់ ៨ខែ។ សូមបញ្ជាក់ជូនថា លោកជំទាវទី១ របស់ប្រទេសបារាំងមានឈ្មោះថា Brigitte Macron និងមានអាយុ ៧២ឆ្នាំ ខណៈលោកប្រធានាធិបតីបារាំង Emmanuel Macron មានអាយុ ៤៨ឆ្នាំ៕

France’s President Emmanuel Macron and his wife Brigitte Macron attend a ceremony during their visit to The British Museum in London, Britain, July 9, 2025. LUDOVIC MARIN/Pool via REUTERS
អត្ថបទ៖ ភក្តី
ប្រភព៖ ABC
