មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រំលឹកមន្ដ្រីនគរបាលអន្តោប្រវេសន៍ បង្កើនការត្រួតពិនិត្យចំពោះការចេញ-ចូលរបស់ជនបរទេស
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ ទូរទស្សន៍ជាតិកម្ពុជា ទទក បានបញ្ជាក់ថា មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រំលឹកមន្ដ្រីនគរបាលអន្តោប្រវេសន៍ បង្កើនការត្រួតពិនិត្យចំពោះការចេញ-ចូលរបស់ជនបរទេស។ នៅរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ ឯកឧត្ដមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញជាតំណាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍អំពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងការលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដាក់ចេញដោយអង្គសន្និបាត។
ជាមួយគ្នានោះ ឯកឧត្ដមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្រ្តី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបង្កើនការត្រួតពិនិត្យចំពោះការចេញ-ចូលរបស់ជនបរទេស ឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឲ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។ ឯកឧត្ដមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានបន្ដថា ចំពោះការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ត្រូវបន្តផ្សព្វផ្សាយ និងជំរុញឲ្យអ្នកដែលគ្រប់អាយុ និងអ្នកដែលត្រូវបន្តសុពលភាព មកដាក់ពាក្យស្នើសុំប័ណ្ណ និងបន្តសុពលភាព ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឲ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ជាមួយនេះត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ចំពោះជនណាដែលរឹងរូស។ ឯកឧត្ដមក៏បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំចាត់វិធានការស្រាវជ្រាវស៊ើបអង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា ដោយបង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេសឲ្យបានហ្មត់ចត់ ធ្វើយ៉ាងណាឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ដើម្បីបម្រើដល់គោលនយោបាយទេសចរណ៍ និងទាក់ទាញវិនិយោគិនបរទេសចូលមកក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត។
ឯកឧត្តមសន្តិបណ្ឌិត ក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ដែលបានខិតខំ បំពេញការងារទាំងកម្លាំងកាយនិងកម្លាំងចិត្ត នាពេលកន្លងមក។ ក្នុងនោះឯកឧត្តម ក៏សូមចូលរួមអបអរសាទរចំពោះលទ្ធផលដែលសម្រេចបានដ៏ត្រចះត្រចង់រយៈពេលពេញមួយឆ្នាំ ហើយក៏សូមគាំទ្រចំពោះការលើកទិសដៅការងាររបស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ដែលបានដាក់ចេញផងដែរ។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់ នៅក្នុងចំណោម៦៦សញ្ជាតិនេះ ជនជាតិចិន ច្រើនជាងគេ បន្ទាប់មក ជនជាតិវៀតណាម និង ឥណ្ឌូនេស៊ី។ ពោលការបណ្តេញចេញជនបរទេសក្នុងឆ្នាំ២០២៥នេះ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧,៧០៥នាក់ ស្មើនឹង៥៦,៨៣%៕




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក