អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក្នុងសំណុំរឿងប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស
កូរ៉េខាងត្បូង៖ តុលាការក្រុងសេអ៊ូលសម្រេចផ្តន្ទាទោសអតីតប្រធានាធិបតី នៃប្រទេសកូរ៉េខាងត្បូង គឺលោក Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែមករា។ គួររម្លឹកជូនថា លោក Yoon Suk Yeol អាយុ ៦៥ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយរូបលោកបានប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសមួយកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងសវនាការដែលមានការចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ទូទាំងប្រទេសកូរ៉េខាងត្បូង តុលាការក្រុងសេអ៊ូលបានរកឃើញថា លោក Yoon Suk Yeol បានប្រព្រឹត្តបទល្មើសជាច្រើនករណី រួមមានទាំងការក្លែងបន្លំឯកសារផ្លូវការ ប្រកាសអនុវត្តច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសកូរ៉េខាងត្បូងដោយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងរារាំងអាជ្ញាធរក្នុងការអនុវត្តដីកាចាប់ខ្លួនលោកផងដែរ។ សូមបញ្ជាក់ជូនថា យោងទៅតាមច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺការប្រកាសអនុវត្តច្បាប់អាជ្ញាសឹកអាចត្រូវបានធ្វើឡើង លុះត្រាំតែមានការពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាផ្លូវការ ខណៈនាពេលកន្លងមក លោក Yoon Suk Yeol បានប្រកាសអនុវត្តច្បាប់ដ៏សំខាន់នេះភ្លាមៗដោយមានការសម្រេចចិត្តតែតែម្នាក់ឯងប៉ុណ្ណោះក្នុងនាមរូបលោកជាប្រធានាធិបតី៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

