មនុស្ស ១១នាក់បានបាត់បង់ជីវិត និងជាង ៦០នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍ឆេះផ្សារទំនើបមួយកន្លែងនៅប៉ាគីស្ថាន
ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះផ្សារទំនើបមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន នេះយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩ ខែមករា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សជាង ៦០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។
ប្រភពខាងលើបានបន្តថា ផ្សារដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Gul Plaza Shopping Centre មានទីតាំងស្ថិតនៅក្នុងទីក្រុង Karachi នៃប្រទេសប៉ាគីស្ថាន។ បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា ភ្លើងបានចាប់ផ្តើមឆេះតាំងតែពីយប់ថ្ងៃសៅរ៍ម្លេះ ហើយភ្លើងបានបន្តឆាបឆេះក្នុងរយៈរហូតដល់ជាង ២៤ម៉ោងឯណោះ ទើបគេអាចពន្លត់វាបានទាំងស្រុង ហើយនៅក្នុងថ្ងៃច័ន្ទនេះ ទើបអាជ្ញាធរបានចាប់ផ្តើមបើកប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន។ តាមការសន្និដ្ឋានបឋម នៅក្នុងចំណោមអ្នកបាត់ខ្លួនទាំងជាង ៦០នាក់ ក៏ទំនងជាមានអ្នកបានស្លាប់មួយចំនួនហើយផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

