ចិនប្រកាសលុបចោលជើងហោះហើរទៅកាន់ជប៉ុន ៤៩ជើង សម្រាប់ការធ្វើដំណើរនៅក្នុងខែកុម្ភៈ
ចិន៖ អាជ្ញាធរចិនសម្រេចលុបចោលជើងហោះហើរទៅកាន់ប្រទេសជប៉ុនចំនួន ៤៩ជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែមករា។ ជើងហោះហើរទាំង ៤៥ជើងនេះ គឺជាជើងហោះហើរទៅ-មករវាងប្រទេសចិន និងប្រទេសជប៉ុន សម្រាប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
គួររម្លឹកជូនថា ការលុបចោលជើងហោះហើរទៅកាន់ប្រទេសជប៉ុនពីសំណាក់អាជ្ញាធរចិនបានផ្តើមកើតមានតាំងតែពីខែធ្នូ ឆ្នាំ២០២៥មកម្លេះ ខណៈចំនួនជើងហោះហើរដែលត្រូវលុបចោលនោះបានបន្តកើនឡើងខ្ពស់ជាលំដាប់ផងដែរ បើគិតក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា ប្រទេសចិននិងប្រទេសជប៉ុនបានផ្តើមមានជម្លោះការទូតជាមួយគ្នាក្នុងអំឡុងខែវិច្ឆិកាកន្លងមក ក្រោយលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានធ្វើសេចក្តីថ្លែងការមួយ ដែលមានទំនោរគាំទ្រនិងការពារកោះតៃវ៉ាន់យ៉ាងខ្លាំងក្នុងបញ្ហាជម្លោះតៃវ៉ាន់-ចិន៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

