ឥណ្ឌារកឃើញអ្នងឆ្លងមេរោគ Nipah ចំនួន ២នាក់បន្ថែមទៀត
ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគ Nipah ចំនួន ២នាក់បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៨ ខែមករា។ អ្នកជំងឺដែលបានឆ្លងមេរោគដ៏កាចសាហាវទាំង ២រូបខាងលើនេះ ត្រូវបានរកឃើញនៅក្នុងរដ្ឋ West Bengal តែគិតត្រឹមពេលនេះគេនៅមិនទាន់ដឹងពីស្ថានភាពសុខភាពចុងក្រោយរបស់ពួកគាត់នៅឡើយទេ។
ប្រភពខាងលើបានបន្តថា ករណីឆ្លងទាំង ២ខាងលើនេះក៏បណ្តាលឱ្យមានការពាក់ព័ន្ធដល់មនុស្សចំនួន ១៩៦នាក់ផ្សេងទៀតផងដែរ តែអ្នកពាក់ព័ន្ធទាំង ១៩៦នាក់នោះមិនត្រូវបានធ្វើតេស្តវិជ្ជមានមេរោគ Nipah នោះទេ។ សូមបញ្ជាក់ជូនថា Nipah ជាមេរោគដ៏គ្រោះថ្នាក់មួយ ដែលមានលក្ខណៈនៃការចម្លងស្រដៀងទៅនឹងមេរោគកូវីដ-១៩ ដែរ ហើយមេរោគនេះអាចបណ្តាលឱ្យឆ្លងមានអត្រាស្លាប់ពី ៤០% ទៅ ៧៥%ឯណោះ។ សូមរម្លឹកជូនផងដែរថា កាលពីឆ្នាំ២០២៣ មេរោគ Nipah បានបណ្តាលឱ្យពលរដ្ឋឥណ្ឌា ២នាក់បាត់បង់ជីវិត និងនៅក្នុងឆ្នាំ២០១៨ បានបណ្តាលឱ្យពលរដ្ឋឥណ្ឌា ១៧នាក់ត្រូវស្លាប់បាត់បង់ជីវិត៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

