កក្រើកនៅជប៉ុន ចោរមួយក្រុមប្លន់យកប្រាក់ជាង ២,៧លានដុល្លារនៅកណ្តាលទីក្រុងតូក្យូ
ជប៉ុន៖ ចោរមួយក្រុមមានសមាជិក ៣នាក់បានធ្វើសកម្មភាពប្លន់យកវ៉ាលិសមួយដែលមានសុទ្ធចំនួន ២,៧លានដុល្លារនៅលើដងផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងតូក្យូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣០ ខែមករា។ ករណីប្លន់នេះបានក្លាយជាករណីដ៏កម្រមួយសម្រាប់ប្រទេសជប៉ុន ដែលនាពេលកន្លងមកជប៉ុនតែងបង្ហាញមោទនភាពក្នុងនាមជាប្រទេសដែលមានសុវត្ថិភាពបំផុត។
ប្រភពខាងលើបានបន្តថា សកម្មភាពប្លន់នេះបានកើតឡើងនៅជិតស្ថានីយរថភ្លើង Ueno ដែលជាកន្លែងមានអ្នកដំណើរ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករឆ្លងកាត់ទៅនោះ។ បើតាមសាក្សីម្នាក់នៅកន្លែងកើតហេតុបានឱ្យដឹងថា ក្រុមចោរបាញ់ស្ព្រេ (Pepper Spray) មុននឹងឆក់យក់វ៉ាលិសពីជនរងគ្រោះ ខណៈដែលជនរងគ្រោះកំពុងព្យាយាមដាក់វ៉ាលិសនោះទៅក្នុងរថយន្ត។ បើតាមតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ក្រុមជនរងគ្រោះមានគ្នាចំនួន ៥នាក់ ដោយនៅក្នុងនោះមានទាំងជនជាតិចិននិងជនជាតិជប៉ុនផងដែរ ហើយពួកគេបម្រុងនឹងយកវ៉ាលិសលុយនោះទៅកន្លែងប្តូរប្រាក់ដោយនៅក្នុងវ៉ាលិសនោះមានផ្ទុកលុយជប៉ុនប្រមានជា ៤២០លានយេន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
