ភ្ញៀវទេសចរម្នាក់បានបាត់បង់ជីវិតនៅរមណីដ្ឋានដ៏ល្បីរបស់ជប៉ុន ក្រោយខែ្សកាបូបស្ពាយបានជាប់ក្នុងកន្ត្រកយោងនិងត្រូវអូសឡើងទៅលើអាកាសយ៉ាងខ្ពស់
ជប៉ុន៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយ ដែលបានកើតឡើងនៅក្នុងរមណីយដ្ឋាន Tsugaike Mountain ដែលជាកន្លែងជិះស្គីទឹកកក និងជិះកន្ត្រកយោងឡើងភ្នំដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣ ខែកុម្ភៈ បានបញ្ជាក់ថា ស្រ្តីរងគ្រោះជាភ្ញៀវទេសចរជនជាតិអូស្រ្តាលី និងមានអាយុ ២២ឆ្នាំ។

បើតាមលោក Tsuneo Kubo ដែលជានាយកគ្រប់គ្រងសេវាកម្មកន្ត្រកយោងនៅក្នុងរមណីយដ្ឋានខាងលើបានឱ្យដឹងថា គ្រោះថ្នាក់បានកើតឡើងនៅពេលស្រ្តីរងគ្រោះបម្រុងនឹងចុះចេញពីកន្ត្រកយោងទៅហើយ តែដោយចៃដន្យខ្សែកាបូបស្ពាយរបស់គាត់បានជាប់ជាមួយកៅអីនៅក្នុងកន្ត្រក។ ដោយស្រ្តីរងគ្រោះមិនអាចដោះខ្សែកាបូបចេញពីកៅអីទាន់ពេល កន្ត្រកក៏បានបន្តវិលឡើងទៅលើ និងបានអូសយកស្រ្តីរងគ្រោះទៅលើអាកាសជាមួយផងដែរ ខណៈខ្សែកាបូបដែលគាត់បានស្ពាយនៅចំហៀងទ្រូងបានរឹតទ្រូងគាត់យ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា ក្រោយប្រទះឃើញហេតុការណ៍គ្រោះថ្នាក់គេក៏បានបញ្ឈប់ដំណើរការរបស់កន្រ្តកយោង ដើម្បីជួយស្រ្តីរងគ្រោះ តែជាអកុសលស្រ្តីរងគ្រោះបានស្លាប់ក្នុងពេលបញ្ជូនទៅមន្ទីរពេទ្យ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia