Heineken ប្រកាសកាត់បន្ថយបុគ្គលិករហូតដល់ ៦,០០០នាក់ ក្រោមហេតុផល “ស្ថានភាពទីផ្សារដ៏លំបាក”
ហូឡង់៖ ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីរបស់ប្រទេសហូឡង់ គឺក្រុមហ៊ុន Heineken បានប្រកាសកាត់បន្ថយបុគ្គលិករហូតដល់ ៦,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែកុម្ភៈ។ ការសម្រេចនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ក្រុមហ៊ុនកំពុងប្រឈមនឹង “ស្ថានភាពទីផ្សារដ៏លំបាក”។

បើតាមលោក Dolf van den Brink នាយកប្រតិបត្តិក្រុមហ៊ុន Heineken បានបញ្ជាក់ថា នៅក្នុងឆ្នាំនេះបរិមាណនៃការលក់ស្រាបៀរ Heineken គ្រប់ប្រភេទបានធ្លាក់ចុះយ៉ាងគំហុកបើធៀបទៅនឹងឆ្នាំកន្លងទៅ ហើយនៅចំពោះមុខស្ថានភាពមិនអំណោយផលនេះ ខាងក្រុមហ៊ុនគ្មានជម្រើសឯណាក្រៅពីការកាត់បន្ថយបុគ្គលិកនោះទេ។ យ៉ាងណាក្តី នាយកប្រតិបត្តិរូបនេះបានបន្តថា ការកាត់បុគ្គលិកនឹងត្រូវធ្វើឡើងជាដំណាក់កាលៗក្នុងរយៈពេល ២ឆ្នាំ ខណៈក្រុមបុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវកាត់ចេញនោះគឺមានចំនួនចន្លោះពី ៥,០០០នាក់ ទៅ ៦,០០០នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia