មនុស្ស ៣នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍រអិលបាក់ផ្ទាំងទឹកកកនៅអូស្រ្តាលី
អូស្រ្តាលី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រអិលបាក់ផ្ទាំងទឹកកកនៅប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែកុម្ភៈ។ មរណៈភាពរបស់មនុស្សចំនួន ៣នាក់បន្ថែមទៀតនេះ បានធ្វើឱ្យតួលេខអ្នកស្លាប់ក្នុងហេតុការណ៍ដូចគ្នានេះ បានកើនឡើងដល់ចំនួន ៥នាក់ហើយនៅក្នុងប្រទេសអូស្រ្តាលី បើគិតក្នុងរយៈពេលពេញមួយសប្តាហ៍ចុងក្រោយនេះ។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់ទាំង ៣នាក់ខាងលើនេះគឺសុទ្ធតែជាក្រុមអ្នកទេសចរដែលបាននាំគ្នាទៅជិះស្គីទឹកកកកម្សាន្តនៅតំបន់ Alpine ដែលជាតំបន់ភ្នំទឹកកកនិងតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសអូស្រ្តាលីផងដែរ។ សូមបញ្ជាក់ជូនថា ហេតុការណ៍រអិលបាក់ផ្ទាំងទឹកកកពីលើភ្នំឬពីតំបន់ខ្ពស់ៗបានកើតឡើងជារឿយៗនៅជុំវិញពិភពលោក ខណៈរបាយការណ៍មួយបង្ហាញថា ជារៀងរាល់ឆ្នាំគ្រោះធម្មជាតិមួយនេះបានបណ្តាលឱ្យមានមនុស្សជាមធ្យមចន្លោះពី ១៥០-២០០នាក់បានស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time