លោក ដូណាល់ ត្រាំ ប្រកាសថា នឹងស្វែងរកវិធីផ្សេងដើម្បីដំឡើងពន្ធនាំចូលអាមេរិកទាំងអស់ ១០% បន្ថែមទៀត ក្រោយតុលាការកំពូលសម្រេចដកច្បាប់ពិសេសឆ្នាំ១៩៧៧
អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា នឹងដាក់ពន្ធគយលើគ្រប់ទំនិញនាំចូលសហរដ្ឋអាមេរិកទាំងអស់ក្នុងអត្រា១០% បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២១ ខែកុម្ភៈ។ សេចក្តីប្រកាសនេះត្រូវបានឡើងដើម្បីឆ្លើយតបទៅនឹងតុលាការកំពូលអាមេរិក ដែលទើបសម្រេចមិនឱ្យលោក ដូណាល់ ត្រាំ ប្រើប្រាស់ច្បាប់ពិសេសឆ្នាំ១៩៧៧ ក្នុងការសម្រេចភ្លាមៗលើកំណត់អត្រាពន្ធគយតាមការយល់ឃើញ និងចង់បានរបស់គាត់។

សូមបញ្ជាក់ជូនថា ច្បាប់ពិសេសឆ្នាំ១៩៧៧ (International Emergency Economic Powers Act – IEEPA) គឺជាច្បាប់ផ្តល់អំណាចឱ្យប្រធានាធិបតីអាមេរិកអាចចាត់វិធានការបន្ទាន់ជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចជាតិក្នុងលក្ខខណ្ឌបន្ទាន់ណាមួយ។ ដោយផ្អែកលើច្បាប់ពិសេសនេះ នាពេលកន្លងមក លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងឬបន្ថយអត្រាពន្ធនាំទំនិញចូលអាមេរិកចំពោះប្រទេសជាច្រើននៅជុំវិញពិភពលោកយ៉ាងឆាប់រហ័សបំផុត ដោយលោកអះអាងថា ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិអាមេរិកក្នុងលក្ខខណ្ឌបន្ទាន់។
យ៉ាងណាក្តី ថ្មីៗនេះតុលាការកំពូលអាមេរិក ដែលមានសំឡេងគាំទ្រ ៦ទល់នឹង៣ បានសម្រេចថា លោក ដូណាល់ ត្រាំ មិនអាចប្រើប្រាស់ច្បាប់ពិសេសឆ្នាំ១៩៧៧ ទៅកំណត់អត្រាពន្ធនាំទំនិញចូលអាមេរិកតាមតែចិត្តរបស់គាត់នោះទេ ហើយការកំណត់អត្រាពន្ធភ្លាមៗរបស់លោកនាពេលកន្លងមក បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មសកលយ៉ាងខ្លាំង។ ឆ្លើយតបនឹងការសម្រេចនេះ លោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ហើយរិះគន់សមាជិកតុលាការកំពូលអាមេរិកមួយចំនួនថា បានរងឥទ្ធិពលពីបរទេស។ ទន្ទឹមគ្នានេះ លោក ដូណាល់ ត្រាំបាន អះអាងថា លោកនឹងស្វែករកវិធីផ្សេងទៀត ដើម្បីបន្ថែមអត្រាពន្ធនាំចូលអាមេរិកក្នុងអត្រា ១០%ទៀតទៅលើអត្រាពន្ធដែលកំពុងអនុវត្តស្រាប់ ហើយអត្រាពន្ធបន្ថែម ១០% នេះនឹងអនុវត្តគ្រប់មុខទំនិញទាំងអស់តែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia