អន្តរជាតិ
មនុស្ស ៦នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ទូកដឹកអ្នកដំណើរបុកគ្នាជាមួយកាណូតដឹកថ្មមួយគ្រឿងនៅប្រទេសវៀតណាម
BY Pheakdey
February 23, 2026
វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ទូកបុកគ្នាជាមួយកាណូតនៅប្រទសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែកុម្ភៈ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅលើបឹង Thac Ba ដែលជាតំបន់រមណីយដ្ឋានដ៏ល្បីមួយកន្លែង ស្ថិតនៅក្នុងខេត្ត Lao Cai ភាគពាយ័ព្យនៃប្រទេសវៀតណាម។

បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា គ្រោះថ្នាក់បានកើតឡើងរវាងទូកដឹកអ្នកដំណើរ មួយគ្រឿងផ្ទុកមនុស្សចំនួន ២៣នាក់ និងកាណូតដឹកថ្មមួយគ្រឿង ដែលត្រូវបើដឹកជញ្ជូនថ្មឆ្លងកាត់តំបន់កើតហេតុនោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះក៏មានកុមារចំនួន ២នាក់ផងដែរ ហើយភាគច្រើននៃអ្នកដំណើរ គឺជាក្រុមគ្រួសារ ដែលទើបត្រលប់មកពីលេងស្រុកកំណើរវិញក្នុងឱ្យកាសបុណ្យចូលឆ្នាំចិន-វៀតណាមកន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time