ប៉ូឡូញគ្រោងហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម ក្រោយមើលឃើញការធ្លាក់ចុះសុខភាពផ្លូវចិត្តនិងបញ្ញារបស់ពួកគេ
ប៉ូឡូញ៖ ប្រទេសប៉ូឡូញគ្រោងនឹងអនុវត្តច្បាប់ហាមឃាត់មិនឱ្យកុមារមានអាយុក្រោម ១៥ឆ្នាំប្រើប្រាស់បណ្តាញសង្គមនោះទេ នេះបើយោងតាមការចុះផ្សារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែកុម្ភៈ។ សេចក្តីព្រាងច្បាប់ស្តីការហាមឃាត់ខាងលើនេះត្រូវបានសភាប៉ូឡូញដាក់បង្ហាញនៅថ្ងៃសុក្រនេះហើយ ខណៈគេរំពឹងថាច្បាប់នឹងចូលជាធរមាននៅដើមឆ្នាំ២០២៧។

បើតាមលោក Barbara Nowacka រដ្ឋមន្ត្រីក្រសួងអប់រំប៉ូឡូញបានឱ្យដឹងថា ក្នុងការអនុវត្តច្បាប់ខាងលើនេះគឺអាជ្ញាធរនឹងកំណត់ឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវបំពេញមុខងារផ្ទៀងផ្ទាត់អាយុរបស់ពួកគេ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមដែលមានអាយុក្រោម ១៥ឆ្នាំនឹងមិនត្រូវបានអនុញ្ញាតនោះទេ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ហេតុផលដែលជម្រុញឱ្យមានអ្នកអនុវត្តច្បាប់ហាមឃាត់នេះគឺដោយសារក្រុមអ្នកជំនាញបានមើលឃើញថា ឥទ្ធិពលនៃបណ្តាញសង្គមបានធ្វើឱ្យមានការធ្លាក់ចុះនូវសុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន និងការធ្លាក់ចុះនៃសមត្ថភាពបញ្ញារបស់ពួកគេផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia