របាយការណ៍មួយបង្ហាញថា មានពលរដ្ឋអាមេរិកកាន់តែច្រើនចង់ទៅរស់នៅប្រទេសផ្សេង ដែលមានតម្លៃនៃការរស់នៅសមរម្យ និងមានសុវត្ថិភាពជាងនៅអាមេរិក
អាមេរិក៖ របាយការណ៍មួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Gallup និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ បានបង្ហាញថា មានពលរដ្ឋអាមេរិកាន់តែច្រើនដែលមានទិន្នាការចង់ចាកចេញពីអាមេរិកទៅរស់នៅក្នុងប្រទេសផ្សេងមួយទៀត ដែលមានតម្លៃនៃការរស់នៅសមរម្យ និងមានសុវត្ថិភាពជាងនៅសហរដ្ឋអាមេរិក។ ការស្ទង់មតិនៅក្នុងរបាយការណ៍ខាងលើបានបង្ហាញថា កាលពីឆ្នាំ២០០៨ មានពលរដ្ឋអាមេរិកត្រឹមតែ ១០%ប៉ុណ្ណោះដែលចង់ចំណាកស្រុក ហើយតួលេខបានបន្តកើនឡើងមក ២០%ក្នុងឆ្នាំ ២០២៤ ខណៈថ្មីៗនេះតួលេខនេះក៏បានបន្តកើនឡើងកាន់តែច្រើនបន្ថែមទៀតផងដែរ។

ចំពោះប្រទេសទី២ ដែលពលរដ្ឋអាមេរិកចង់ទៅរស់នៅវិញគឺភាគច្រើនជាបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដូចជាប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ ហូឡង់ សាធារណរដ្ឋឆែក អៀរឡង់ អាល្លឺម៉ង់ និងហូឡង់ជាដើម ខណៈព័រទុយហ្គាល់គឺជាប្រទេសពេញនិយមជាងគេសម្រាប់ពលរដ្ឋអាមេរិកទៅរស់នៅក្នុងរយៈពេលវែង។ ប្រភពខាងលើបានបន្តថា ហេតុផលសំខាន់ៗដែលជម្រុញឱ្យពលរដ្ឋអាមេរិកចង់ចំណាកស្រុកមានដូចជា៖
-តម្លៃរស់នៅក្នុងសហរដ្ឋអាមេរិកកើនឡើងខ្ពស់
-ព្រួយបារម្ភអំពីអំពើហិង្សា និងការបាញ់ប្រហារផ្សេងៗ
-ភាពចលាចលនយោបាយ និងការខកចិត្តចំពោះការដឹកនាំប្រទេស
-ចង់ទៅរស់នៅកន្លែងមានសុវត្ថិភាព និងបរិយាកាសស្ងប់ស្ងាត់
-ប្រទេសជាច្រើននៅអឺរ៉ុបមានសេវាសុខាភិបាលថោក ឬឥតគិតថ្លៃ មានលក្ខខណ្ឌការងារល្អជាង ហើយការស្នើសុំទិដ្ឋការទៅកាន់ប្រទេសនៅអឺរ៉ុបមានភាពងាយស្រួល ដែលធ្វើឱ្យការរស់នៅក្នុងតំបន់អឺរ៉ុបមានគុណភាពជីវិតល្អប្រសើរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express