សម្តេចធិបតី ហ៊ុន ម៉ាណែត រំលេចថា អត្រាឈឺ និងស្លា.ប់ដោយសារជំងឺរបេងនៅកម្ពុជា ធ្លាក់ចុះ តែនៅខ្ពស់បើធៀបទៅនឹងបណ្តារប្រទេសមួយចំនួនលើពិភពលោក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូរំលេចថា ទោះបីជាកម្ពុជា ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងក៏ដោយ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ បញ្ហានេះតម្រូវឱ្យត្រូវ បង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។
តាមរយៈសារលិខិតខាងលើ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ក្នុងស្មារតីនេះ យើងទាំងអស់គ្នាត្រូវបន្តជំរុញ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្ដិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។
គួរជម្រាបជូនថា កម្ពុជាផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ។
ជាក់ស្ដែង អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី ៨០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ១៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៤ ដែលមាន អត្រាធ្លាក់ចុះស្មើនឹង៧៨%។
រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៨៥៣ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២៤ គឺបានថយចុះ ៦៨% ផងដែរ។
តាមសម្តេចធិបតី បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស និងសកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕



ប្រភព ក្រសួងព័ត៍មាន