ការសិក្សាមួយបង្ហាញថា៖ សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យខាតបង់សេដ្ឋកិច្ចក្នុងប្រទេសនៅតំបន់អារ៉ាប់ សរុបជិត ២០០ពាន់លានដុល្លារ
អេមីរ៉ាតអារ៉ាប់រួម៖ ការសិក្សាមួយបានបង្ហាញថា ក្រុមប្រទេសនៅតំបន់អារ៉ាប់អាចខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់សរុបជិតដល់ ២០០ពាន់លានដុល្លារដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែមីនា។ ការសិក្សានេះត្រូវបានធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ស្តីពីផលវិបាកសេដ្ឋកិច្ច និងសង្គមសម្រាប់រដ្ឋអារ៉ាប់។

របាយការណ៍នៅក្នុងការសិក្សាបានបង្ហាញថា ផលវិបាកសេដ្ឋកិច្ច និងសង្គមសម្រាប់រដ្ឋអារ៉ាប់អាចមានទំហំជាទឹកប្រាក់ចន្លោះពី ១២០ពាន់លានដុល្លារទៅដល់ ១៩៤ពាន់លានដុល្លារ ខណៈការខាតបង់សេដ្ឋកិច្ចនេះគឺត្រូវបានគេរាប់ចាប់តាំងពីការប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដូចជាការបាត់បង់ការងារធ្វើ និងការធ្លាក់ខ្លួនចូលក្នុងភាពក្រីក្ររបស់ពលរដ្ឋពលជាដើម។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះសង្គ្រាមដែលអាមេរិកនិងអ៊ីស្រាអែលបើការវាយប្រហារទៅលើអ៊ីរ៉ង់បានធ្វើឱ្យពលរដ្ឋនៅតាមបណ្តាប្រទេសក្នុងតំបន់អារ៉ាប់ប្រមាណជា ៣,៦លាននាក់ត្រូវបាត់បង់ការងារ និងពលរដ្ឋប្រមាណជា ៤លាននាក់កំពុងធ្លាក់ខ្លួនចូលក្នុងភាពក្រីក្រ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time