ប៉ូលិសតៃវ៉ាន់បង្ក្រាបទីតាំងភ្នាល់បាល់ World Cup ខុសច្បាប់មួយកន្លែង ដែលមានទំហំនៃការភ្នាល់សរុបជាង ៣០០លានដុល្លារ
តៃវ៉ាន់៖ ប៉ូលិសតៃវ៉ាន់បានបង្ក្រាបទីតាំងភ្នាល់បាល់ទាត់ World Cup ខុសច្បាប់មួយកន្លែង ដែលមានទំហំទឹកប្រាក់ភ្នាល់សរុបជាង ៣០០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែកក្កដា។ ទីតាំងផ្តល់សេវាភ្នាល់បាល់តាម Online ខុសច្បាប់មួយកន្លែងនេះ គឺត្រូវបានរៀបចំឡើងនៅក្នុងផ្ទះកម្ពស់ ៥ជាន់ ស្ថិតនៅក្នុងទីក្រុង Tainan ភាគខាងត្បូងកោះតៃវ៉ាន់។

នៅក្នុងការបង្ក្រាបទីតាំងភ្នាល់បាល់ទាត់ខុសច្បាប់ខាងលើ ប៉ូលិសតៃវ៉ាន់ក៏បានរឹបអូស កុំព្យូទ័រជាច្រើនគ្រឿង ទូរស័ព្ទដៃ សៀវភៅកំណត់ត្រា ប្រាក់សុទ្ធមួយចំនួន និងឃាត់ខ្លួនមនុស្សបានចំនួន ៨នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង ៨នាក់នោះ គឺមាន ៥នាក់ជាមនុស្សមកពីហុងកុងនិងម៉ាកាវ ដែលពួកគេបានប្រើប្រាស់ទិដ្ឋាការទេសចរណ៍សម្រាប់ការស្នាក់នៅក្នុងកោះតៃវ៉ាន់ ហើយក្នុងអំឡុងពេលស្នាក់នៅក្នុងនាមជាអ្នកទេសចរនេះពួកគេក៏បានជួលទីតាំងខាងលើដើម្បីបើកប្រតិបត្តិការណ៍ផ្តល់សេវាភ្នាល់បាល់តាមប្រព័ន្ធ Online តែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time