អ្នកជំនាញ៖ ឥណ្ឌាមានពេលតែ ៥ ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកស្អាត បើមិនដូច្នោះទេ ជីវិតប្រជាជនរាប់លាននាក់នឹងជួបវិបត្តិធ្ងន់ធ្ងរ
ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនបំផុតលំដាប់ទី ២ នៅលើពិភពលោកនោះ ត្រូវបានគេមើលឃើញថា ប្រទេសមួយនេះកំពុងតែជួបប្រទះបញ្ហាខ្វះទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំង ពោលគឺដល់ដំណាក់កាលដែលរដ្ឋាភិបាលត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយហើយ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN បានឲ្យដឹងថា បច្ចុប្បន្ននេះមានប្រជាជនឥណ្ឌាប្រមាណជា ១០០ លាននាក់ កំពុងតែប្រឈមនឹងការខ្វះទឹកស្អាតប្រើប្រាស់។ គេបានព្យាករណ៍ទៀតថា នៅឆ្នាំក្រោយនេះក្រុងធំៗចំនួន ២១ របស់ឥណ្ឌានឹងបន្តខ្វះទឹកស្អាតប្រើប្រាស់ទៀត ព្រោះតែប្រភពទឹកស្អាតនៅក្រោមដីត្រូវបានបំផ្លិចបំផ្លាញ និងមិនអាចកកើតវិញបានទាន់ពេលវេលា។ ដូចនេះចំនួនប្រជាជនដែលត្រូវប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ និងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយនេះ។
សេចក្តីរាយការណ៍ដដែលនេះបានបញ្ជាក់ថា ធនធានទឹកស្អាតនៅក្រោមដីរបស់ឥណ្ឌាបានបន្តហិញហោចយ៉ាងគំហុក ហើយធនធានទឹកនេះគឺជាប្រភពទឹកស្អាត ៤០% នៃបរិមាណទឹកទាំងអស់ដែលឥណ្ឌាត្រូវប្រើប្រាស់។ ដោយសារបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នេះ ប្រជាជនឥណ្ឌាមួយចំនួនត្រូវឈរតម្រង់ជួរគ្នាដើម្បីទិញទឹកតាមបរិមាណកំណត់យកទៅប្រើប្រាស់ ហើយមានស្ថាប័នធំៗមួយចំនួនត្រូវចំណាយលុយប្រមាណជា ១៥,០០០ រូពី (២១៦ ដុល្លារ) ក្នុងមួយថ្ងៃ ដើម្បីទិញទឹកប្រើប្រាស់។ ដើម្បីដោះស្រាយបញ្ហានេះក្នុងរយៈពេលវែង ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ឥណ្ឌាមានពេលវេលា តែ៥ ឆ្នាំទៀតប៉ុណ្ណោះ ចាប់ពីពេលនេះទៅដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់ បើមិនដូចនោះទេនៅពេលអនាគត ឬយ៉ាងយូរត្រឹមឆ្នាំ ២០៤០ នឹងមានប្រជាជនឥណ្ឌារាប់ពាន់លាននាក់ប្រឈមនឹងវិបត្តិខ្វះទឹកស្អាតប្រើប្រាស់៕

អត្ថបទ៖ ភក្តី
