លោកតាម្នាក់ខំជិះកង់ចាក់ដីបំពេញគ្រលុកតាមដងផ្លូវរៀងរាល់ថ្ងៃ ដោយគ្មាននរណាប្រើគាត់ ហើយគាត់ក៏មិនបានលុយសូម្បីមួយសេនពីការងារនេះផងដែរ
ម៉ាឡេស៊ី៖ លោកតាម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមម៉ាឡេស៊ី ក្រោយគេបានគត់សម្គាល់ឃើញថា លោកតាតែងតែជិះកង់យកអាចម៍ដី និងជ័រកៅស៊ូទៅបំពេញគ្រលុកនៅលើដងផ្លូវយ៉ាងសកម្មរាល់ថ្ងៃ ខណៈដែលគាត់គ្មានទទួលបានលុយកាក់អ្វីទាល់តែសោះពីការងារមួយនេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Taman Pelangi រដ្ឋ Johor ភាគខាងត្បូងប្រទសម៉ាឡេស៊ី។
លោកតាដែលមានទឹកចិត្តស្រលាញ់ផ្លូវសាធារណៈរូបនេះ មានដើមកំណើតជាជនជាតិចិន និងរស់នៅក្នុងតំបន់ខាងលើនេះ។ អត្តសញ្ញាណលំអិតរបស់គាត់មិនត្រូវបានគេស្គាល់ឡើយ ហើយគាត់ត្រូវបានម្ចាស់គណនី Facebook ម្នាក់លួចថតសកម្មភាព និងយកទៅបង្ហោះពេញបណ្តាញសង្គម។ តាមរយៈគណនី Facebook ដែលមានឈ្មោះថា Persatuan Bangsa Johor បានឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃគេបានប្រទះឃើញលោកម្នាក់នេះ ជិះកង់ទៅបំពេញគ្រលុកតាមដងផ្លូវគ្រប់ទីកន្លែងដោយមិនខ្លាចនឿយហត់ និងទាមទារលុយកាក់ ឬការសរសើរពីអ្នកណាម្នាក់នោះទេ។ ដោយមើលឃើញឥរិយាបថល្អដូចនេះ ទើបគេលួចថតសកម្មភាពគាត់យកទៅបង្ហោះក្នុងបណ្តាញសង្គមដើម្បីទុកជាគំរូដល់អ្នកដទៃ៕


អត្ថបទ៖ ភក្តី