បុរសជនជាតិខ្មែររស់នៅប្រទេសថៃ ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនដោយលោតពីលើបង្គោលភ្លើង ព្រោះតែជួបបញ្ហាខ្វះខាតប្រាក់ព្យាបាលប្រពន្ធដែលត្រូវបញ្ជូនចូលបន្ទប់ ICU បន្ទាប់ពីសម្រាលកូន
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមក្រោយមានករណីបុរសម្នាក់ឡើងលើបង្គោលភ្លើង ដើម្បីលោតសម្លាប់ខ្លួន ព្រោះតែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បញ្ជូនភរិយាទៅមន្ទីរពេទ្យសម្រាលកូន។ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៤ល្ងាច បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាជនជាតិខ្មែររស់នៅទឹកដីប្រទេសថៃ ក្នុងស្រុកស្រះកែវ ខេត្តស្រះកែវ អាយុ៣០ឆ្នាំ បានឡើងលើបង្គោលភ្លើងដ៏ខ្ពស់ ដើម្បីលោតសម្លាប់ខ្លួនព្រោះតែស្មុគស្មាញរឿងលុយកាក់។
បុរសរូបនេះសម្រេចចិត្តធ្វើបែបនេះក្រោយពេលភរិយាខ្លួនត្រូវបញ្ជូនចូលបន្ទប់ ICU បន្ទាប់ពីសម្រាលបុត្ររួច ដែលត្រូវចំណាយប្រាក់ប្រមាណ៤ម៉ឹនបាត។ ក្រោយពេលទទួលបានការរាយការណ៍សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការកាត់ផ្តាច់ចរន្តភ្លើងតំបន់នោះរយៈពេល២ម៉ោង ទីបំផុតបុរសរូបនោះបានទម្លាក់ខ្លួនចុះមកលើរថយន្តធុនធំ ដែលអាជ្ញាធរត្រៀមសម្រាប់សង្គ្រោះ ហើយសំណាងល្អមិនមានគ្រោះថ្នាក់អ្វីឡើយ។ ស្ត្រីជាភរិយាបានរាយការណ៍ថា បុរសរូបនេះជាជនជាតិខ្មែររត់ឆ្លងដែនដោយពុំមានលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណនោះទេ ដោយគាត់ធ្វើការនៅតំបន់ វ៉ាំងណាំយេន ខេត្តស្រះកែវ ដែលជាហេតុពុំមានក្រដាសសម្រាប់ព្យាបាល និងពិនិត្យសុខភាពត្រឹមត្រូវទៅតាមការកំណត់របស់រដ្ឋ។ ដោយពុំអាចធ្វើអ្វីបាន និងពុំមានលទ្ធភាពគ្រប់គ្រាន់បុរសរូបនេះក៏បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួន តែពុំបានសម្រេច៕
អត្ថបទ៖ មេសា




