ឥណ្ឌូនេស៊ីនឹងបញ្ជូនសំរាម ៤៩ កុងទ័រណឺ ត្រលប់ទៅកាន់ប្រទេសមួយចំនួននៅតំបន់អឺរ៉ុបវិញ
ឥណ្ឌូនេស៊ីនឹងបញ្ជូនសំរាមជាច្រើនកុងទ័រណឺត្រលប់ទៅកាន់ប្រទេសមួយចំនួននៅតំបន់អឺរ៉ុបវិញ ក្រោយមានជនខិលខូចបាននាំសំរាមទាំងនេះមកចោលនៅឥណ្ឌូនេស៊ី។ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន CHANNELNEWSASIA បានឲ្យដឹងថា សំរាមដែលឥណ្ឌូនេស៊ីគ្រោងនឹងបញ្ជូនទៅកាន់អឺរ៉ុបវិញនោះមានចំនួនសរុប ៤៩ កុងទ័រណឺ ហើយសំរាមទាំងនោះសុទ្ធតែជាកាកសំណល់ប្លាស្ទិក និងសំរាមដែលមានជាតិពុលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព និងបរិស្ថាន។
ប្រទេសគោលដៅដែលឥណ្ឌូនេស៊ីគ្រោងនឹងបញ្ជូនសំរាមត្របល់ទៅវិញនោះមានដូចជា បារាំង អូស្រ្តាលី អាមេរិក អាឡឺម៉ង់ និងហុងកុង។ គេនៅចាំបានថាកាលពីខែមុនេះ ឥណ្ឌូនេស៊ីធ្លាប់បានបញ្ជូនសំរាមចំនួន ៥ កុងទ័រណឺត្រលប់ទៅកាន់សហរដ្ឋអាមេរិកម្តងហើយ ហើយឥណ្ឌូនេស៊ីបានប្រកាសថា ខ្លួននឹងបញ្ជូនសំរាមខុសច្បាប់ចេញពីប្រទេសខ្លួនទាល់តែអស់។ សូមរម្លឹកជូនថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសនៅតំបន់អាស៊ានមួយចំនួនដូចជា ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី សុទ្ធតែបានជួបបញ្ហាដូចគ្នានេះ គឺប្រទេសទាំងនេះបានផ្ញើសំរាមចេញពីប្រទេសខ្លួនជាច្រើនតោនត្រលប់ទៅកាន់ប្រទេសដើមវិញ ហើយប្រទេសដើមរបស់សំរាមទាំងអស់នោះភាគច្រើននៅតំបន់អឺរ៉ុប៕

អត្ថបទ៖ ភក្តី