អភ័ព្វណាស់! សុខចិត្តលះបង់មិនព្យាបាលជំងឺមហារីកខ្លួនឯង ដើម្បីទុកប្រាក់ព្យាបាលជំងឺមហារីករបស់ប្រពន្ធ និងកូនស្រី
ចិន៖ បុរសជាឪពុក និងជាប្តីដ៏មានទំនួសខុសត្រូវខ្ពស់ម្នាក់សុខចិត្តលះបង់មិនព្យាបាលជំងឺមហារីកខ្លួនឯង ដើម្បីទុកប្រាក់សម្រាប់ព្យាបាលជំងឺមហារីកប្រពន្ធ និងកូនស្រីរបស់គាត់។ គ្រួសារអភ័ព្វដែលមានសមាជិកសុទ្ធតែមានជំងឺមហារីកមួយនេះរស់នៅក្នុងខេត្ត Jiangsu ភាគខាងលិចប្រទេសចិន។ បុរសជាប្តីមានឈ្មោះថា Ke Meinan អាយុ ៤២ ឆ្នាំ ហើយគាត់ត្រូវបានគេរកឃើញថា មានជំងឺមហារីកក្រពះតាំងពីឆ្នាំ ២០១៥ មកម្លះ។ ពីរបីឆ្នាំក្រោយមកស្រាប់តែប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Huaying អាយុ ៤៦ ឆ្នាំ ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានជំងឺមហារីកសុដន់ម្នាក់ទៀត។
អ្វីដែលកាន់តែអាក្រក់នោះកាលពីពេលថ្មីៗនេះ កូនស្រីវ័យ ១៦ ឆ្នាំ ម្នាក់នៅក្នុងគ្រួសារមួយនេះ ក៏ត្រូវបានគេរកឃើញថា មានជំងឺមហារីកស្បែកធ្ងន់ធ្ងរ និងតម្រូវឲ្យលេបថ្នាំជាប្រចាំផងដែរ ហើយជាមធ្យមនាងត្រូវការប្រាក់ប្រមាណជា ១០,០០០ យន់ (១,៤៥០ ដុល្លារ) ក្នុងមួយថ្ងៃដើម្បីព្យាបាលជំងឺ។ ឆ្លើយប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែកហូរឥតឈប់នោះ ប្តីប្រពន្ធកំសត់មួយគូនេះបានឲ្យដឹងថា ពួកគេគាត់ជាកម្មករសំណង់ជាមួយនឹងប្រាក់ចំណូលជាមធ្យម ២ឦ០០០ យន់ (២៩០ ដុល្លារ) ក្នុងមួយខែ ហើយរហូតមកទល់នឹងពេលនេះគាត់បានចំណាយប្រាក់អស់ប្រមាណជា ១៨០,០០០ យន់ (២៦,២០០ ដុល្លារ) ហើយ សម្រាប់ព្យាបាលកូនស្រី ដែលប្រាក់ទាំងនេះបានមកពីការលក់ផ្ទះ និងទ្រព្យសម្បត្តិគ្រប់បែបយ៉ាងដែលពួកគាត់មាន។

ពេលនេះពួកគេគ្មានប្រាក់អ្វីសម្រាប់ផ្គត់ផ្គង់ថ្លៃព្យាបាលទៀតទេ ដូចនេះបុរសជាប្តីសុខចិត្តឈប់ទិញថ្នាំសម្រាប់លេបខ្លួនឯង និងទុកលុយនោះសម្រាប់ឲ្យតែថ្លៃព្យាបាលកូនស្រី និងប្រពន្ធ។ រឿងរ៉ាវដ៏កំសត់នេះត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម ហើយក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នារៃអង្គាសប្រាក់ឲ្យគ្រួសារមួយនេះបានចំនួន ៩០០,០០០ យន់ (១៣០,៧៩០ ដុល្លារ)។ គេសង្ឃឹមថាប្រាក់បរិច្ចាគនេះអាចជួយសម្រួលបន្ទុករបស់គ្រួសារនេះបានមួយផ្នែក តែគេមិនគិតវាអាចជួយស្រោចស្រងបញ្ហាបានទាំងស្រុងនោះទេ៕
អត្ថបទ៖ ភក្តី


