រូបភាពដ៏ស្រស់ស្អាត ដែលអ្នកនិយមទៅលេងកោះបាលី ថតបង្ហោះពេញហ្វេសប៊ុកនោះ តាមពិតគេថតរបៀបនេះសោះ
ប្រិយមិត្តដែលស្រលាញ់ការថតរូបប្រហែលជាធ្លាប់បានឃើញហើយនូវរូបថតបែប Reflection ដែលគេបានថតនៅខ្លោងទ្វារប្រាសាទបុរាណមួយ ព្រោះថារូបភាពនេះត្រូវបានគេបង្ហោះក្នុងបណ្ដាញសង្គម Facebook និង Instagram ជារឿយៗ។ ទាក់ទងនឹងរូបថតដ៏ស្រស់ស្អាតនេះ មានប្រិយមិត្តជាច្រើនបានកើតមានចម្ងល់ថា តើរូបភាពដ៏ស្រស់ស្អាតនេះត្រូវបានគេថតនៅកន្លែងណា? អ្នកខ្លះវិញបានស្គាល់ទីកន្លែងដែរ តែនៅឆ្ងល់ថា តើគេថតរូបបែប Reflection នៅទីនោះដោយរបៀបណា បើនៅមុខខ្លោងទ្វានោះគ្មានទឹកផង?

ថ្ងៃនេះ Khmernote សូមបកស្រាយជូនប្រិយមិត្តថា ទីតាំងដែលគេបានថតរូបដ៏ស្រស់ស្អាតនេះមានឈ្មោះថា “Gates of Haven” (ខ្លោងទ្វារឋានសួគ៌) ជាខ្លោងទ្វារមួយនៃប្រាសាទ Pura Lempuyang Luhur ក្នុងក្រុង Karangasem កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ចំពោះការថតរូបបែប Reflection គឺគេមិនបានប្រើទឹកដើម្បីបង្កើតចំណាំងប្លាតឡើយ តែគេគ្រាន់តែប្រើផ្នែកខាងក្រោយនៃទូរស័ព្ទ iPhone ប៉ុណ្ណោះ។ បច្ចេកទេសនៃការថតរូបនេះ គឺគេដាក់កាមេរ៉ានៅលើពីខ្នងទូរស័ព្ទ iPhone (iPhone ស៊េរីខ្ពស់មានផ្នែកខាងក្រោយមានចំណាំងប្លាតល្អ) ហើយគេបានបន្ទាបកាមេរ៉ានោះអោយទាប ដើម្បីឲ្យមើលទៅដូចមានចំណាំងប្លាតចេញផ្ទៃខាងក្រោមចេញទៅ ហើយទេសភាពនៅទីនោះនឹងធ្វើឲ្យរូបភាពបែប Reflection មួយនេះមើលទៅស្រស់ស្អាតដូចមានចំណាំងប្លាតចេញពីទឹកពិតៗអីចឹង។ លោកអ្នកអាចសាកល្បងវិធីថតរូបនេះបាន នៅពេលដែលលោកអ្នកបានទៅដល់តំបន់ទេសចរណ៍មួយនេះ៕
អត្ថបទ៖ភក្តី
ប្រភព៖coconuts

