ក្រសួងពាណិជ្ជកម្ម ចុះរុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេស នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានចុះរុះរើស្លាកយីហោអាជីវកម្ម ចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្លាកយីហោដែលមន្ត្រីជំនាញចុះរុះរើនោះ សរសេរអក្សរបរទេសនៅលើអក្សរខ្មែរ អក្សរបរទេសសុទ្ធ អក្សរខ្មែរសរសេរមិនត្រឹមត្រូវ ខុសខ្លឹមសារ ខុសអក្ខរាវិរុទ្ធ ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី អក្សរសាស្ត្រជាតិ និងសីលធម៌សង្គម។
មន្ត្រីជំនាញក៏បានធ្វើការណែនាំ និងពន្យល់ជនបរទេស ដែលជាម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
«យើងបានប្រាប់គាត់ឱ្យបំពេញលក្ខខណ្ឌបីចំនុច ទី១ ត្រូវប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ ទី២ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ និងទី៣ ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាមរយៈច្រកចេញចូលតែមួយរបស់សាលារាជធានី ឬខេត្ត» ឯកឧត្តមរដ្ឋលេខាធិការ វ៉េង សុធី បានគូសបញ្ជាក់៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងពាណិជ្ជកម្ម





