កាត់ទោសប្រហារជីវិតបុរសជនជាតិថៃ ក្រោយរំលោភ និងសម្លាប់ស្រ្តីជាភ្ញៀវទេសចរណ៍
ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេកាត់ទោសប្រហារជីវិត ក្រោយគាត់បានរំលោភ និងសម្លាប់ស្រ្តីជនជាតិអាឡឺម៉ង់ជាភ្ញៀវទេសចរណ៍ម្នាក់ ដែលបានទៅកំសាន្តទៅលើកោះ Si Chang ភាគខាងលិចប្រទេសថៃ។ បុរសជាជនដៃដល់មានឈ្មោះថា Ronnakorn Romruen អាយុ ២៤ ឆ្នាំ ចំណែកឯស្រ្តីជនរងគ្រោះមានឈ្មោះថា Miriam Beelte អាយុ ២៦ ឆ្នាំ មកពីទីក្រុង Hildesheim ប្រទេសអាឡឺម៉ង់។ គួរម្លឹកជូនថា កាលពីអំឡុងខែមេសាកន្លងមកនេះ ស្ត្រីជនរងគ្រោះបានទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយនៅថ្ងៃទី ៧ ខែមេសា នាងបានទៅដល់កោះ Si Chang ហើយនាងត្រូវបានបុរសជនជាតិថៃម្នាក់ចាប់រំលោភ ហើយបន្ទាប់ពីរំលោភរួចជនដៃដល់ក៏បានយកដុំថ្មទៅវាយលើក្បាលរបស់នាងរហូតដល់ស្លាប់យ៉ាងអាណោចអាធ័មបំផុត។
ក្រោយកើតហេតុជនសង្ស័យក៏ត្រូវបានប៉ូលិសចាប់ខ្លួន ហើយរូបគេបានសារភាពថា ពិតជាបានរំលោភ និងសម្លាប់ស្រ្តីជនរងគ្រោះមែន។ បន្ទាប់ពីចាប់ខ្លួនរូបគេត្រូវបានប៉ូលិសបានរកឃើញបន្ថែមទៀតថា ជនដៃដល់ធ្លាប់បានប្រព្រឹត្តិបទល្មើសជាច្រើនរួមទាំងករណីគ្រឿងញៀន និងការឆក់ប្លន់ទៀតផង។ ជាការពិតទៅត្រឹមតែការសម្លាប់ជនរងគ្រោះដើម្បីបំបាត់ភស្ដុតាង គឺមានទោសត្រូវប្រហារជីវិតបាត់ទៅហើយ ប៉ុន្តែដោយសារតែជនល្មើសបានសារភាពទោស ទើបទោសត្រូវបានសម្រាលពាក់កណ្ដាល។
យ៉ាងណាក៏ដោយថ្វីបើទោសរបស់ Ronnakorn Romruen ត្រូវបានសម្រាល ក៏មិនអាចធូរស្រាលគ្រប់គ្រាន់ឱ្យរួចពីសេចក្ដីស្លាប់ដែរ។ គាត់នឹងត្រូវតែមានទោសប្រហារជីវិតដដែល ដោយសារតែទោសរបស់គាត់គឺច្រើនពេក។ ម្ដាយរបស់ជនល្មើសឈ្មោះ Nongluck Phosang អាយុ ៤៣ឆ្នាំ ក៏មិនជំទាស់ជាមួយនឹងការដាក់ទោសប្រហារជីវិតនេះដែរ គាត់ថែមទាំងសុំការអភ័យទោស និងសោកស្ដាយចំពោះគ្រួសារសព។ ចំណែកលោក Ronnakorn គាត់អាចមានពេល ១ខែ ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសនេះ មុននឹងគាត់ត្រូវបានគេដាក់ទោសប្រហារជីវិតជាផ្លូវការ៕

អត្ថបទ៖ ភក្តី


