ថៃគ្រោងស្នើសុំដាក់បញ្ចូលក្រុងភូកេតជាសម្បត្តិបេតិកភណ្ឌពិភពលោក
ថៃ៖ ប្រទេសថៃគ្រោងនឹងដាក់បញ្ចូលតំបន់ទេសចរណ៍ Phuket Old Town ដែលជាក្រុងចំណាស់មួយស្ថិតនៅក្នុងខេត្តភូកេតឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkokpost បានឲ្យដឹងថា មន្ទីរវិចិត្រសិល្បៈថៃបានរៀបចំសំណើសុំដាក់បញ្ចូលតំបន់ទេសចរណ៍ Phuket Old Town ជាសម្បត្តិបេតិកភណ្ឌពិភពលោករួចរាល់ហើយ និងគ្រោងផ្ញើទៅកាន់អង្គការ UNESCO នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។
បើយោងតាមលោក Don Limnunthaphisit ប្រធានគ្រប់គ្រងនៅតំបន់ទេសចរណ៍មួយនេះបានឲ្យដឹងថា ក្រុងចំណាស់មួយនេះគួរតែទទួលបានថវិកាប្រចាំឆ្នាំយ៉ាងទៀតទាត់មួយសម្រាប់ធ្វើការកែលម្អឲ្យបានកាន់តែប្រសើរ ដូចជាអ្វីដែលគេបានទៅកាន់ក្រុង Penang និង Malacca របស់ម៉ាឡេស៊ីអីចឹងដែរ ដើម្បីឲ្យវាមានភាគរយកាន់តែខ្ពស់ក្នុងការដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ជូនថា ក្នុងរយៈពេល ១៥ ឆ្នាំ ចុងក្រោយនេះក្រុងភូកេតបានក្លាយជាគោលដៅទេសចរណ៍មួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ហើយ ២ ឆ្នាំចុងក្រោយនេះទៀតសោធ វាកាន់តែមានភាពល្បីល្បាញខ្លាំងរហូតជាប់ជាក្រុង ដែលមានការច្នៃប្រឌិតខ្ពស់របស់អង្គការ UNESCO ទៀតផង។ តាមរបាយការណ៍ទេសចរណ៍របស់អាជ្ញាធរថៃបានបង្ហាញថា គិតពីខែមករា មកដល់ត្រឹមខែកក្កដា ឆ្នាំ ២០១៩ តំបន់ទេសចរណ៍មួយនេះ ទទួលបានភ្ញៀវទេចរណ៍ចំនួន ៩,០៥ លាននាក់ និងអាចបង្កើតប្រាក់ចំណូលបានប្រមាណជា ២៩៣ លានបាត ( ៩៦០ ២០៤ ៩៥០ ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី