សូមបងប្អូនដែលបានទៅដាក់បិណ្ឌតាមវត្តនានាមេត្តាប្រុងប្រយ័ត្ន! ឃាត់ខ្លួននារីដៃឆើត២នាក់ ក្រោយលួចទូរស័ព្ទដៃនិងកាបូបលុយនៅវត្តអារាម
ខេត្តកណ្តាល៖ មានករណីអំពើលួចទូរស័ព្ទដៃនិងកាបូបលុយនៅវត្តអារាម កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០នាទីនៅចំណុចវត្តកៀនស្វាយក្រៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ជនរងគ្រោះ ០៣នាក់ មាន ១-ឈ្មោះញឹក ដេវ៉ារនី ភេទស្រីអាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកាត់ដេរ មានទីលំនៅភូមិ ឃុំកើតហេតុ , ២-ឈ្មោះនៅ ភក្តី ភេទស្រី អាយុ១៤ឆ្នាំជនជាតិ ខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឃុំកេីតហេតុ និង ៣-ឈ្មោះ សុខ មុន្នីនេត ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យ០២នាក់ ១-ឈ្មោះអ៊ុកចាន់ណាភេទស្រីអាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) និង ២-ឈ្មោះយឿន ស្រីពេជ្រ ភេទស្រីអាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលពង្រ ឃុំស្វាយស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្នាក់នៅផ្ទះជួលភូមិគគីរ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាលមានផ្ទៃពោះ ០៨ខែ (ឃាត់ខ្លួន) ។ ដោយថ្ងៃកើតហេតុជនរងគ្រោះបានមកធ្វើបុណ្យកាន់បិណ្ឌទី១នៅវត្តកៀនស្វាយក្រៅ ។ ពេលនោះជនរងគ្រោះឈ្មោះ ញឹក ដេវ៉ារនី បានមកប្រាប់ឈ្មោះស្រេង គុណនាង ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរបើកបររថយន្ត (ជាអ្នកមើលការខុសត្រូវភ្ញៀវមកវត្ត) ថាខ្លួនបានបាត់ទូរសព្ទ័០១គ្រឿងម៉ាកSamsung
ពេលនោះឈ្មោះស្រេង គុណនាង បានយកទូរសព្ទ័របស់ខ្លួនតេទៅលេខទូរសព្ទ័ជនរងគ្រោះ តែតេមិនចូលរួចក៏ឃ្លាំចាំមើលមុខសញ្ញា បន្ទាប់មកបានឃើញជនសង្ស័យឈ្មោះយឿន ស្រីពេជ្រ កំពុងកាន់ស្លាដក់ និងជនសង្ស័យឈ្មោះ អ៊ុក ចាន់ណាបានធ្វើសកម្មភាពយកកន្សែងបង់កបោះទៅលើកាបូបស្ពាយក្រោយរបស់ជនរងគ្រោះឈ្មោះសុខ មុន្នីនេត រួចដើរមកក្បែរជនរងគ្រោះលូកយក កាបូបដាក់លុយរបស់ជនរងគ្រោះ(សុខ មុន្នីនេត)ដោយឃើញកាបូបស្ពាយរបស់ជនរងគ្រោះចំហរ។ ឈ្មោះស្រេង គុណនាង បានទៅសួរជនរងគ្រោះថា “មានបាត់អីអត់” ពេលនោះជនរងគ្រោះមើលកាបូបរួចឆ្លើយថាបាត់កាបូបលុយ ភ្លាមនោះឈ្មោះស្រេង គុណនាង បានឃាត់ជនសង្ស័យទាំងពីរនាក់ពេលឃាត់នោះឈ្មោះយឿន ស្រីពេជ្រ បានទម្លាក់កាបូបលុយជនរងគ្រោះមកលើឥដ្ឋការ៉ូ ។ បន្ទាប់មកឈ្មោះស្រេង គុណនាងបានប្រគល់ជនសង្ស័យទាំងពីរនាក់ឲ្យកម្លាំងប្រជាការពារនិងរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន ។ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល