អន្តរជាតិ

លោកយាយម្នាក់លក់បាយមាន់រៀងរាល់ព្រឹកដើម្បីរកប្រាក់មកផ្គត់ផ្គង់ និងចិញ្ចឹមសត្វឆ្កែឆ្មាអនាថាជាង១០០ក្បាល ព្រោះអាណិតពួកវាត្រូវគេបោះបង់ចោល

BY
Khmernote Media
September 19, 2019

ម៉ាឡេស៊ី៖ សត្វឆ្កែ គឺត្រូវបានគេចាត់ទុកថាជាសត្វចិញ្ចឹមដ៏ឈ្លាសវៃ និងជាមិត្តដ៏ល្អមួយរបស់មនុស្ស ព្រោះតែពួកវាមានចិត្តស្មោះត្រង់ស្រលាញ់ម្ចាស់ និងចងចាំនូវអំពើល្អដែលយើងតែងធ្វើចំពោះវា។ មនុស្សភាគច្រើនតែងចិញ្ចឹមសត្វឆ្កែនៅតាមផ្ទះដើម្បីជាជំនួយជួយការពារ និងទុកវាជាមិត្តល្អផងដែរ ដោយឡែកក៏មានមនុស្សមួយចំនួនតូចធ្វើបាបពួកវា រហូតយកមកធ្វើជាអាហារក៏មាន ។ យ៉ាងណាមិញថ្មីៗនេះអាថ៌កំបាំងមួយត្រូវបានបើកកកាយតាមរយៈកាសែត Kwong Wah Daily ក្រោយពីគេបានរកឃើញថាអ្នកលក់អាហារចិត្តធម៌មួយរូប នៅទីក្រុង Penang បានខិតខំរកស៊ី ដើម្បីចិញ្ចឹមឆ្កែអនាថាជាង១០០ក្បាល ក្នុងនោះក៏មានឆ្មាផងដែរ ដោយរូបគាត់បានដើរជួយសង្គ្រោះពួកគេមកពីជុំវិញប្រទេស។

លោកយាយ Huang Xiuying អាយុ៦៤ឆ្នាំ បានបង្ហើបឲ្យដឹងពីមូលហេតុដែលលោកយាយសម្រេចចិត្តធ្វើរឿងបែបនេះ គឺនៅពេលដែលសត្វឆ្កែមួយក្បាលដែលលោកបានចិញ្ចឹមស្រាប់តែលាចាកលោក ដោយត្រូវកិនជាប់នឹងឡានខណៈពេលដែលវាបានឆ្លងថ្នល់កាលពី២០ឆ្នាំមុន។ គ្រប់ពេលដែលលោកយាយឃើញសត្វឆ្កែអនាថាទាំងនោះនៅតាមផ្លូវ លោកយាយហាក់នឹកដល់សត្វឆ្កែដែលបាត់បង់ជីវិតនោះជាខ្លាំង ទើបសម្រេចចិត្តនាំពួកវាយកមកចិញ្ចឹម ដោយសុនខខ្លះលោកយាយបានមកពីទីក្រុង Penang ខ្លះទៀតត្រូវបានអ្នកដទៃយកមកឲ្យគាត់ចិញ្ចឹម។

ក្រៅពីសត្វឆ្កែ លោកយាយក៏ចិញ្ចឹមសត្វឆ្មាដូចគ្នា ដោយដើមហេតុដំបូងគឺនៅពេលដែលលោកយាយឃើញកូនឆ្មាដែលទើបនឹងកើតមិនទាន់ទាំងបើកភ្នែកផង បែរជាត្រូវគេយកមកបោះបង់ចោលនៅលើផ្លូវ លោកយាយមានចិត្តអាណិតពួកវាជាពន់ពេកក៏រើសយកមកចិញ្ចឹម។ តែដូចដែលយើងដឹងស្រាប់ហើយថាការចិញ្ចឹមសត្វច្រើនបែបនេះ ការចំណាយក៏មានមិនតិចដែរ។ លោកយាយ Huang បានប្រាប់ឲ្យដឹងថាជារៀងរាល់ថ្ងៃលោកយាយចំណាយជាមធ្យមអស់ប្រហែល៥០ដុល្លារ ហើយលោកយាយត្រូវជួលបុគ្គលិកមើលការខុសត្រូវអស់ប្រមាណជាង ៣០០ដុល្លារក្នុងមួយខែ ជាមួយថ្លៃជួលផ្ទះប្រហែលជាង១០០ដុល្លារទៀត។ ដោយប្រាក់ដែលចំណាយភាគច្រើនគឺទៅលើចំណី និងការមើលថែទាំពួកគេ ហើយប្រាក់ទាំងនោះគឺលោកយាយរកមកបានដោយការលក់បាយមាន់។

មានពេលខ្លះការរកស៊ីលក់ដូររបស់លោកយាយពុំសូវកាក់កប ធ្វើឲ្យផ្ទះចិញ្ចឹមសត្វមួយនេះប្រឈមនឹងការដាច់ទឹក ដាច់ភ្ល់ើងក៏មាន។ មានពេលខ្លះលោកយាយត្រូវបានគេសួរថា តើលោកយាយហត់ទេក្នុងការថែទាំសត្វអនាថាទាំងអស់នេះ? លោកយាយបានឆ្លើយតបវិញថា៖ «គ្រប់ពេលដែលខ្ញុំឃើញពួកគេមានកន្លែងសម្រាប់រស់នៅ និងមានអាហារគ្រប់គ្រាន់ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានក្តីសុខ ហើយវាមិនពិបាកអ្វីសោះឡើយ ក្នុងការមើលថែពួកគេ។ ខ្ញុំគិតថាខ្ញុំចូលចិត្តបែបនេះ»៕

អត្ថបទ៖ មេសា

Share This Post: