ទម្លាប់ចុចទូរស័ព្ទយូរៗពេលបត់ជើងធំអាចជំរុញឲ្យអ្នកកើតជំងឺឫសដូងបាត
មានកត្តាជាច្រើនដែលជំរុញឲ្យលោកអ្នកកើតជំងឺឫសដូងបាតដូចជា មានបញ្ហាទល់លាមក ឬរាគរ៉ាំរៃ ធាត់លើលទម្ងន់ ការប្រឹងបត់ជើងធំជាប្រចាំ ស្ត្រីមានផ្ទៃពោះ ឬបញ្ហាតំណពូជជាដើម។ យ៉ាងណាក្តីរបាយការណ៍សុខភាពថ្មីមួយបានបង្ហាញថា អ្នកដែលមានទម្លាប់ប្រើប្រាស់ទូរស័ព្ទនៅពេលបត់ជើងធំក៏អាចប្រឈមនឹងការកើតមានជំងឹឫសដូងបាតផងដែរ។
បើតាមលោកវេជ្ជបណ្ឌិត Sarah Jarvis អ្នកឯកទេសជំងឺឫសដូងបាតប្រចាំនៅក្នុងប្រទេសអង់គ្លេសបានពន្យល់ថា អ្នកដែលមានទម្លាប់ប្រើប្រាស់ទូរស័ព្ទពេលបត់ជើងធំគឺជាអ្នកដែលចំណាយពេលយូក្នុងការបត់ជើងធំម្តងៗ (អាចពី១០-៣០ នាទី) ព្រោះពួកគេត្រូវលេងហ្គេម ឬប្រើបណ្តាញសង្គមបណ្ដើរផងក្នុងពេលបត់ជើងធំនោះ។ ទម្លាប់នៃការបត់ជើងធំយូរៗនេះ បានដាក់សំពាធទៅលើសរសៃឈាមនៅចុងពោះវៀនជាខ្លាំង ហើយវាក៏បានធ្វើសរសៃឈាមនៅជុំវិញរន្ធគូទប៉ោងឡើង និងវិវឌ្ឍន៍ទៅជាជំងឺឫសដូងបាតផងដែរនៅក្នុងរយៈពេលវែង។
យោងលើការពន្យល់របស់អ្នកជំនាញខាងលើនេះ សូមប្រិយមិត្តដែលមានទម្លាប់ប្រើប្រាស់ទូរស័ព្ទពេលបត់ជើងធំទាំងអស់គួរតែបញ្ឈប់ជាបន្ទាន់ មុនពេលលោកអ្នកកើតមានជំងឺឫសដូងបាត៕

អត្ថបទ៖ ភក្តី