រដ្ឋាភិបាលម៉ាឡេស៊ីចង់ឲ្យបុគ្គលិកនៅតាមក្រុមហ៊ុនធ្វើការងារផ្ទះដើម្បីគេចចេញពីបញ្ហាផ្សែងពុល
ម៉ាឡេស៊ីហាក់ទទួលរងសម្ពាធពីផ្សែងដែលភាយចេញមកពីភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ីយ៉ាងខ្លាំង ហើយដើម្បីឆ្លើយតបនឹងបញ្ហាបន្ទាន់នេះរដ្ឋាភិបាលម៉ាឡេស៊ីបានដាក់ចេញនូវវិធានការជាច្រើនមានទាំងការហាមមិនឲ្យអាជីវករលក់ម៉ាស់លើសតម្លៃកំណត់នៅលើទីផ្សារទៀតផង។ ថ្មីៗនេះទៀតសោធ រដ្ឋាភិបាលម៉ាឡេស៊ីដាក់ចេញនូវវិធានការមួយបន្ថែមទៀត ដើម្បីការពារក្រុមនិយោជិតដែលត្រូវចេញទៅធ្វើការក្រោយសម្ពាធផ្សែង។ រដ្ឋាភិបាលបានប្រាប់ឲ្យក្រុមហ៊ុន ឬនិយោជក (ដែលមានការងាររងផលប៉ះពាល់ពីផ្សែង) ត្រូវតែធ្វើការវាយតម្លៃអំពីផលប៉ះពាល់ចំពោះផ្សែងទៅកាន់សុខភាពរបស់បុគ្គលិកខ្លួនឲ្យបានច្បាស់លាស់ ហើយត្រូវសម្រួលការងាររបស់ពួកគេឲ្យបានច្រើនដើម្បីកាត់បន្ថយហានិភ័យសុខភាពរបស់ពួកគេ។
ប្រសិនជាអាច ក្រុមហ៊ុន ឬនិយោជកគួរអនុញ្ញាតឲ្យបុគ្គលិកខ្លួនធ្វើការងារនៅផ្ទះតាមបណ្តាញអ៊ីនធឺណិត ឬនាំគ្នាទៅធ្វើការនៅក្នុងអគារណាមួយជុំគ្នាដែលគ្មានការំខានពីផ្សែងច្រើន។ ជាងនេះទៅទៀត ក្រុមហ៊ុន ឬនិយោជកណា ដែលហ៊ានបឈ្ឈប់បុគ្គលិកខ្លួនព្រោះតែពួកគេមិនអាចធ្វើការងារក្រោមសំពាធផ្សែងបាននឹងត្រូវពិន័យជាប្រាក់ចំនួន RM៥០ ០០០ (១១ ៩៦០ ដុល្លាអាមេរិក) ឬជាប់គុករហូតដល់ ៥ ឆ្នាំ។ វិធានការនេះនឹងត្រូវអនុវត្តរហូតដល់បញ្ហាផ្សែងបាត់ទៅវិញ៕
អត្ថបទ៖ភក្តី


