ថៃព្រមានឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះមាសក្លែងក្លាយ
វិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃ (GIT) បានព្រមានឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះមាសក្លែងក្លាយ ដែលកំពុងមានលក់នៅក្នុងទីផ្សារ។ លោកស្រី Duangkamol Jiambutr ប្រធានវិទ្យាស្ថានខាងលើនេះបានឲ្យដឹងថា បច្ចុប្បន្នមានមាសក្លែងក្លាយ (Cloned Gold) ជាច្រើនកំពុងត្រូវបានគេចែកចាយនៅលើទីផ្សារ ហើយមាសទាំងនោះត្រូវបានគេប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បំផុតក្នុងការបង្កើតវាឡើង ដូចនេះគេពិបាកត្រួតពិនិត្យមើលពីភាពសុទ្ធ និងមិនសុទ្ធរបស់មាសដោយវិធីធម្មតាណាស់។
លោកស្រ្តីបានបន្តថា ដើម្បីត្រួតពិនិត្យមើលមាសទាំងនោះ គេត្រូវប្រើប្រាស់ម៉ាស៊ីនស្កេន ឬខួងផ្ទៃរបស់មាស ដើម្បីពិនិត្យសាច់ខាងក្នុងរបស់វាតែម្តង ព្រោះថាជាទូទៅមាសក្លែងក្លាយនេះជាប្រភេទមាសដុំក្រាស់ៗ បង្កប់នូវលោហធាតុនៅផ្នែកខាងក្នុង ហើយពីក្រៅស្រោបដោយមាសក្លែងក្លាយ ហើយវាមានទម្ងន់ដូចមាសពិតៗអីចឹង។ យោងតាមការបញ្ជាក់នៅរបស់សារព័ត៌មាន BANGKOKPOST បានឲ្យដឹងថា មាសក្លែងក្លាយមានប្រភពចែកចាយខ្លាំងនៅតាមបណ្ដាញអ៊ីនធឺណិតជាមួយនឹងតម្លៃថោកជាមាសធម្មតាបន្តិច ហើយរហូតមកទល់នឹងពេលនេះមាសក្លែងក្លាយកំពុងតែមានវត្តមានច្រើនណាស់ដែរនៅក្នុងទីផ្សារលក់មាស និងគ្រឿងអលង្ការទូទៅ៕

អត្ថបទ៖ ភក្តី