គ្រោះថ្នាក់ច្រើនពេក ថៃសម្រេចកំណត់ល្បឿន និងប្រភេទផ្លូវសម្រាប់អ្នកបើកបរម៉ូតូធំ
ថៃ៖ អាជ្ញាធរថៃបានដាក់ចេញនូវវិធានការថ្មីៗជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងទៅលើក្រុមអ្នកជិះម៉ូតូធំ ក្រោយមានគ្រោះថ្នាក់ចរចរណ៍ជាច្រើនត្រូវបានគេរកឃើញថា បង្កឡើងដោយក្រុមអ្នកជិះម៉ូតូទាំងនេះ។ វិធានការចុងក្រោយមួយដែលអាជ្ញាធរថៃទើបនឹងដាក់ចេញគឺ ហាមម៉ូតូធំមិនឲ្យបើកលើផ្នែកសម្រាប់បើកបរក្នុងល្បឿនលឿនលើដងផ្លូវឡើយ ហើយម៉ូតូធំទាំងអស់ត្រូវបើកបរនៅលើផ្នែកធម្មតាដូចម៉ូតូទូទៅដែរ និងកំណត់ល្បឿនមិនឲ្យបើកបរលើសពី ៨០ គីឡូម៉ែត្រ/មួយម៉ោងនោះទេ។ លោក Chirute Visalachitra អនុលេខាធិការអចិន្រ្តៃយ៍នៃក្រសួងដឹកជញ្ជូនថៃបានឲ្យដឹងថា វិធានការខាងលើនេះអាចធ្វើឲ្យក្រុមអ្នកជិះម៉ូតូធំមិនសូវសប្បាយចិត្តនោះទេ ព្រោះកន្លងមកពួកគេអាចបើកលើផ្នែកពិសេសមួយលើដងផ្លូវ និងអាចបើកបរក្នុងល្បឿនលឿនតាមតែចិត្តពួកគេចង់បាន។
ដោយឡែកសម្រាប់វិធានការខាងលើគឺក្រុមអ្នកជិះម៉ូតូធំទាំងអស់មិនអាចបើកបរតាមចិត្តបានទៀតឡើយពោលគឺត្រូវបើកបរដូចម៉ូតូធម្មតាដែរ ហើយសូម្បីតែបើកទៅជ្រែកម៉ូតូពីរនៅខាងមុខក៏មិនបានដែរ ត្រូវបើកតាមសម្រួលរហូតដល់មានផ្លូវទំនេរច្រើនទើបអាចបើកវារគេបាន។ លោក Chirute Visalachitra បានបញ្ជាក់ថា វិធានការលើនេះមិនមែនជារើសអើង ឬដាក់សម្ពាធទៅលើក្រុមអ្នកជិះម៉ូតូធំនោះទេ តែវាត្រូវបានធ្វើឡើងក្នុងគោលបំណងរក្សាសុវត្ថិភាពលើដងផ្លូវសម្រាប់ប្រជាពលរដ្ឋទូទៅតែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី