ខ្លាំងបាត់! ត្រឹមមួយឆ្នាំសោះបុរសម្នាក់នេះបានរៀបការ និងលែងលះចំនួន ២៣ ដង
អាជ្ញាធរចិនទើបតែកត់កម្គាល់ឃើញរឿងដ៏គួរឲ្យហួសចិត្តមួយគឺមានបុរសម្នាក់បានរៀបការចំនួន ២៣ ដងនិងបានលែងលះគ្នាត្រឹមត្រូវតាមផ្លូវច្បាប់ចំនួន ២៣ ដងដូចគ្នាដែរក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ។ បុរសធ្លាប់បានរៀបការ និងលែងលះច្រើនបំផុតនេះមានឈ្មោះថា Changsha មកពីខេត្ត Hunan ភាគខាងលិចប្រទេសចិន។ រឿងអាស្រូវនៃជីវិតរៀបការរបស់គាត់បានបែកធ្លាយ ដោយសារតែកាលពីពេលថ្មីៗនេះគាត់បានទៅសូមអាជ្ញាធរដើម្បីរៀបការម្តងទៀត និងត្រូវជាលើកទី ២៤ នៅក្នុងជីវិតរបស់គាត់។
ដោយពិនិត្យមើលលើជីវប្រវត្តិរបស់គាត់យ៉ាងលម្អិតនោះ ស្រាប់តែអាជ្ញាធរបានរកឃើញថា គ្រាន់តែក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះគាត់ធ្លាប់បានរៀបការរហូតដល់ទៅ ២៣ ដង និងបានលែងលះយ៉ាងស្រេចបាច់តាមផ្លូវច្បាប់ទាំង ២៣ ដងវិញផងដែរ។ ក្នុងនោះគេបានរកឃើញទៀតថា ការលែងលះខ្លះបានធ្វើឡើង ១ ថ្ងៃក្រោយថ្ងៃរៀបការប៉ុណ្ណោះ ហើយរយៈពេលរួមរស់ជាមួយនឹងប្រពន្ធបានយូរបំផុតរបស់គាត់គឺចំនួនត្រឹមតែ ៧២ ថ្ងៃប៉ុណ្ណោះ។ អាជ្ញាធរបានបង្ហាញនូវអារម្មណ៍ហួសចិត្តមួយថា ចុះហេតុអ្វីបានជាអាជ្ញាធរដែលកាន់ការងារនេះពីមុនមកមិនបានដឹងរឿងនេះកាលពីគាត់រៀបការលើកទី ១០ ទី ១៥ ឬ ទី ២០ ជាដើម ហេតុអ្វីទុករឿងនេះរហូតដល់គាត់រៀបការលើកទី ២៤ ទើបបានដឹងការពិតទៅវិញ? រហូតមកទល់នឹងពេលនេះអាជ្ញាធរនៅមិនទាន់សម្រេចអនុញ្ញាតឲ្យគាត់រៀបការនៅឡើយទេ ដោយគេត្រូវបើការស៊ើបអង្កេតជុំវិញករណីដ៏ចម្លែកនេះជាមុនសិន៕

អត្ថបទ៖ភក្តី