អន្តរជាតិ

ថៃចេញវិធានការថ្មីតម្រូវឲ្យភ្ញៀវទេសចរណ៍បរទេសត្រូវតែមានប័ណ្ណបើកបរទើបអាចជួលម៉ូតូជិះបាន

BY
Khmernote Media
October 10, 2019

ថៃ៖ រដ្ឋាភិបាលថៃហាក់រឹតបន្ដឹងលើក្រុមអ្នកបើកបរម៉ូតូលើដងផ្លូវជាខ្លាំង ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាក្តៅមួយនៅក្នុងសង្គមថៃនាពេលបច្ចុប្បន្ននេះ។ កាលពីពេលថ្មីនេះរដ្ឋាភិបាលថៃបានសម្រេចកំណត់ផ្នែកលើដងផ្លូវ និងកំណត់ល្បឿនអប្បបរិមាសម្រាប់អ្នកបើកម៉ូតូធំទៀតផង ដោយពួកគេអាចបើកបរបានត្រឹមតែ ៨០ គីឡូម៉ែត្រ/មួយម៉ោងប៉ុណ្ណោះ បើទោះជាកម្លាំងម៉ាស៊ីនម៉ូតូរបស់ពួកគេខ្លាំងប៉ុណ្ណាក៏ដោយ។

ការរឹតបន្តឹងមិនមែនធ្វើឡើងត្រឹមតែលើប្រជាជនថៃឡើយ ដោយពេលនេះរដ្ឋាភិបាលថៃគ្រោងនឹងដាក់ចេញនូវវិធានការថ្មីមួយទៀត គឺតម្រូវឲ្យភ្ញៀវទេសចរណ៍បរទេសដែលជួលម៉ូតូជិះលេងកំសាន្តនៅក្នុងក្រុងបាងកកទាំងអស់ត្រូវតែមានប័ណ្ណបើកបរ។

ក្រុមភ្ញៀវទេសចរណ៍បរទេសអាចធ្វើការរៀនបើកបរនៅក្នុងប្រទេសថៃក្នុងរយៈពេលដ៏ខ្លី ដើម្បីទទួលបានប័ណ្ណបើកបរស្របច្បាប់មួយ បើមិនដូចនោះទេពួកគេនឹងមិនអាចជួលម៉ូតូបានឡើយ ​ហើយក្នុងករណីដែលពួកគេនៅតែមិនគោរពតាមវិធានការនេះពួកគេនឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់។

យ៉ាង​ណាក្តី សំណើនៃវិធានការខាងលើនេះនឹងត្រូវដាក់ជូនរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃពិនិត្យនៅខែក្រោយនេះ ហើយសេចក្តីសម្រេចផ្លូវការនឹងត្រូវធ្វើឡើងនៅពេលបន្ទាប់មកទៀត។ សូមបញ្ជាក់ជូនថា ការសម្រេចរឹតបន្ដឹងលើក្រុមអ្នកបើកបរម៉ូតូលើដងផ្លូវនេះ ត្រូវបានរដ្ឋាភិបាលថៃធ្វើឡើងក្រោយគេបានរកឃើញថា ៧០% នៃគ្រោះថ្នាក់ចរាចរណ៍បានបង្កឡើងដោយក្រុមអ្នកបើកបរម៉ូតូ៕

អត្ថបទ៖ភក្តី

Share This Post: