កុំចេះតែហ៊ាន! ចិន បណ្តេញអ្នកចាំទីដៃស្អិតម្នាក់ពីក្រុមជម្រើសជាតិ ក្រោយរកឃើញថាបើកបរក្នុងស្ថានភាពស្រវឹង
កីឡាករបាល់ទាត់ជម្រើសជាតិចិនម្នាក់ត្រូវបានគេសម្រេចបណ្តេញចេញពីក្រុមជម្រើសជាតិភ្លាមៗ ក្រោយគេបានរកឃើញថាកីឡាកររូបនោះបានបើកបររថយន្តក្នុងសភាពស្រវឹងស្រា ដែលវាជាបទល្មើសចរាចរណ៍មួយនិងជាគំរូអាក្រក់ផង។ កីឡាកររូបនេះមានឈ្មោះថា Zhang Lu អាយុ ៣២ ឆ្នាំ មានតួរនាទីជាចាំទីឲ្យក្រុមជម្រើសជាតិ ហើយបច្ចុប្បន្នរូបគេក៏កំពុងលេងឲ្យក្លឹបបាល់ទាត់ Tianjin Quanjian F.C ក្នុងក្របខ័ណ្ឌ Chinese Super League ដែលជាក្រមខ័ណ្ឌបាល់ទាត់កំពូលរបស់ចិនផងដែរ។ កីឡាករ Zhang Lu ទើបត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិរួមជាមួយកីឡាករទាំង ២៣ រូបផ្សេងទៀតដើម្បីត្រៀមប្រកួតវគ្គជម្រុះ World Cup 2022 ក្រោយកីឡាកររូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹបអាជីពរបស់គេ។
យ៉ាងណាក្តី កាលពីសប្តាហ៍កន្លងទៅនេះ កីឡាករ Zhang Lu ត្រូវបានគេប្រទះឃើញថាបានបើករថយន្ត Land Rover ក្នុងសភាពស្រវឹងស្រា ដោយមានកម្រិតជាតិអាកុល ២៥៣,៣ mg/ ១០០ ml (០,២៥៣%) ដែលជាកម្រិតមួយខ្ពស់លើសការកំណត់ដោយច្បាប់។ ក្រោយការរកឃើញដូចខាងលើនេះ សមាគមបាល់ទាត់ចិនសម្រេចលុបឈ្មោះ Zhang Lu ចេញពីក្រុមជម្រើសជាតិ ហើយក្លឹបបាល់ទាត់ Tianjin Quanjian F.C បានសម្រេចព្យួរឈ្មោះរូបគេមួយរយៈដោយមិនផ្តល់ប្រាក់ខែផងដែរ។ សូមបញ្ជាក់ជូនថា ចិនមានមហិច្ឆតាចង់កែប្រែប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួនឲ្យបានល្អបំផុតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២ ខាងមុខនេះ ដោយកាលពីឆ្នាំ ២០០២ កន្លងទៅ ចិនធ្លាប់ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតត្រឹមតែលេខទី ៣១ ប៉ុណ្ណោះ៕

អត្ថបទ៖ភក្តី
