ប្រាសាទកណ្តាលស្រះស្រង់គ្រោងនឹងដំណើរការជួសជុលនាឆ្នាំក្រោយ
នាព្រឹកថ្ងៃ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប ព្រះសម្មទ្ធប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រី បុគ្គលិកជាច្រើនរូបនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សាតំបន់អង្គរក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យរួចផុតពីហានីភ័យទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
តាមប្រសាសន៍ឯកឧត្តម យិត ចាន់ដារដ្ឋ បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ គឺជាសមិទ្ធិផលទី២បន្ទាប់ពីរហាត់ទឹកដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត សៀង ចាន់ហេង ដែលបានរួមចំណែកក្នុងការជួសជុលបេតិកភណ្ឌជាមួយអាជ្ញាធរជាតិអប្សរា។

តាំងនាមឱ្យថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់លោកជំទាវនិងក្រុមការងារដែលជាអ្នកវិនិយោគទុនក្នុងវិស័យឯកជន តែបានគិតគូរដល់វិស័យបេតិកភណ្ឌដែលកំពុងត្រូវការការរួមចំណែកពីសប្បុរសជនគ្រប់ទិសទីដើម្បីជួសជុលមរតកវប្បធម៌ជាតិជាមួយស្ថាប័នរដ្ឋទាំងសំណង់បុរាណនិងការដាំកូនឈើដើម្បីលើកកម្ពស់ភាពបៃតងក្នុងតំបន់អង្គរ។ កិច្ចការនេះដែរគឺលោកជំទាវពិតជាគំរូមួយដែលបានបំពេញកាតព្វកិច្ចយ៉ាងល្អក្នុងនាមជាកូនខ្មែរមួយរូប ដែលត្រូវតែមានចំណែកក្នុងការការពារ ថែរក្សាមរតកដូនតាដោយខានពុំបាន។
ក្នុងនាមសប្បុរសជនជួយជួសជុលប្រាសាទកណ្តាលស្រះស្រង់ លោកជំទាវបណ្ឌិត សៀង ចាន់ហេង បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីប្រុងពលីសុំម្ចាស់ទឹកម្ចាស់ដី ទសបារមីនៃតំបន់អង្គរ ក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យមានភាពរូបរាងឡើងវិញរួចចាកផុតពីភាពខ្ទេចខ្ទាំ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានឱ្យវិស័យឯកជនរួមចំណែកក្នុងកិច្ចការពារ ថែរក្សា កសាង អភិរក្សនូវសមិទ្ធិផលមរតកបេតិកភណ្ឌដែលដូនតាបន្សល់ទុកឱ្យ ហើយលោកជំទាវនឹងបន្តកិច្ចការនេះជាបន្តបន្ទាប់ទៅតាមលទ្ធភាពនិងឱកាសដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ដែរថា ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១២ ជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកជាខ្លាំងដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្រ្ត សំណង់ប្រាសាទ និងទេសភាពវប្បធម៌នៃស្រះស្រង់ឡើងវិញនោះ អាជ្ញាធរជាតិអប្សរានិងវិស័យឯកជនបានរួមដៃគ្នាជួសជុលប្រាសាទនេះឡើងវិញ។ ដំណើរការជួសជុល គ្រោងនឹងចាប់ផ្តើមឡើងនៅរដូវប្រាំង ព្រោះទឹករីង ងាយស្រួលក្នុងការធ្វើកំណាយស្រាវជ្រាវ និងជួសជុល។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរានឹងធ្វើការសិក្សាលម្អិតទាក់ទងនឹងប្រាសាទ រួមទាំងផ្នែកបុរាណវិទ្យា ហើយឆ្លងយោបល់ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូខាងមុខនេះ ទើបដំណើរការជួសជុលបាន៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា






