អន្តរជាតិ

ប៉ូលិសនីហ្សេរីយ៉ាបង្ក្រាបកន្លែងបង្កើតកូនលក់ខុសច្បាប់ ស្រីៗត្រូវគេចាប់រំលោភឲ្យមានផ្ទៃពោះ ដើម្បីបានកូនយកទៅលក់

BY
Khmernote Media
October 10, 2019

នីហ្សេរីយ៉ា៖ ស្ត្រីមានផ្ទៃពោះចំនួន ១៩ នាក់​ត្រូវបានប៉ូលិសជួយសង្គ្រោះចេញពីកន្លែងបង្កើតកូនលក់ខុសច្បាប់ ឬជាភាសារបស់ក្រុមជនខិលខូចហៅថា “រោងចក្រផលិតកូន” នៅក្នុងក្រុង Lagos ប្រទេសនីហ្សេរីយ៉ា។ សូមបញ្ជាក់ជូនថា នៅក្នុងប្រទេសនីហ្សេរីយ៉ាមានទីផ្សារងងឹតមួយសម្រាប់លក់កូនក្មេងតូចៗ ដែលក្នុងនោះក្មេងប្រុសមានតម្លៃជាមធ្យមគឺ ១ ២៣០ ដុល្លារ និងក្មេងស្រីមានតម្លៃ ៨៦០ ដុល្លារ។

ចំពោះស្ត្រីទាំង ១៩ នាក់ខាងលើត្រូវបានគេរាយការណ៍ថា មានអាយុចន្លោះពី ១៥ ដល់ ២៨ ឆ្នាំ ហើយពួកនាងបានចាញ់បោកជនខិលខូច បោកយកមកបង្ខាំងទុកនៅក្នុងរោងចក្រផលិតកូននេះ ហើយពួកនាងត្រូវបានបុរសជាច្រើននាក់ប្តូរវេនគ្នារំលោភម្នាក់ម្តងៗរហូតទាល់តែពួកនាងមានផ្ទៃពោះ។ ក្រៅតែពីបានជួយសង្គ្រោះស្ត្រីមានផ្ទៃពោះទាំង ១៩ នាក់ គេក៏បានជួយសង្គ្រោះក្មេង ៤ នាក់ផ្សេងទៀត ដែលគេបម្រុងនឹងលក់ចេញផងដែរក្នុងនោះមានក្មេងម្នាក់ទើបតែកើតបាន ១ ថ្ងៃប៉ុណ្ណោះ។

ក្នុងយុទ្ធនាការបង្ក្រាបការជួញដូរកុមារខាងលើនេះ ប៉ូលិសអាចចាប់ខ្លួនស្ត្រីជាឆ្មប ដែលគ្មានជំនាញច្បាស់លាស់ត្រឹមតែ ២ នាក់ប៉ុណ្ណោះ ដោយឡែកមេខ្លោង និងក្រុមបុរសដែលប្តូរវេនគ្នាចាប់រំលោភស្ត្រីរងគ្រោះនោះបានរត់គេចខ្លួនបាត់អស់ហើយ។ សូមរម្លឹកជូនថា នីហ្សេរីយ៉ាជាទីកន្លែងដែលមានការជួញដូរកុមារ និងស្ត្រីដ៏ធំមួយ ហើយកាលពីឆ្នាំកន្លងទៅមានកុមារប្រមាណជា ១៦០ នាក់ត្រូវបានគេជួញដូរ និងរហូតមកទល់នឹងពេលនេះគេមិនដឹងថាកុមារទាំងនោះទៅដល់ទីណានោះទេ៕

អត្ថបទ៖ ភក្តី

Share This Post: