អន្តរជាតិ
វៀតណាមនិយាយថាការដុតចំបើងនៅតំបន់ជាយក្រុង ធ្វើឱ្យការបំពុលបរិយាកាសទីក្រុងហាណូយកាន់តែអាក្រក់
BY autoadmin
October 2, 2019
ការដុតចំបើងក្រោយប្រមូលផលនៅតំបន់ជាយក្រុងហាណូយ បានធ្វើឱ្យការបំពុលបរិយាកាសកាន់តែអាក្រក់នៅក្នុងទីក្រុង និងឈានដល់កម្រិតប្រកាសអាសន្នក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ យោងតាមមន្ទីរធនធាន និងបរិស្ថានទីក្រុងហាណូយឱ្យដឹងថា ទីក្រុងនេះផលិតចំបើង និងផលិតផលកសិកម្មប្រមាណ ១លានតោន ក្នុងមួយឆ្នាំ ហើយសំណល់ដែលនៅសល់ច្រើនត្រូវយកទៅដុតជាញឹកញាប់។

ទីក្រុងហាណូយបានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹងក្នុងចំណោមកសិករ អំពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីការដុតចំបើង និងបង្ហាញជម្រើសសម្រាប់ការកែច្នៃ និងប្រើប្រាស់ចំបើងឡើងវិញ។ កសិករនឹងត្រូវបានផ្តល់ការណែនាំស្តីពីជីកំប៉ុសសំណល់ចំបើង ដើម្បីបង្កើតជីសរីរាង្គ ឬប្រើវាសម្រាប់ចំណីសត្វ និងការដាំដុះផ្សិត។ គួរឱ្យដឹងដែរថា ការដុតចំបើងផលិតឧស្ម័ន CO2, CO និង NO2 ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយវាក៏បណ្តាលឱ្យមានផ្សែងអ័ព្ទផងដែរ៕






អត្ថបទ៖ លីដា