ទៀតហើយ! ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ គេងស្តាប់ចម្រៀងបណ្តើរសាកថ្មបណ្តើរ បណ្តាលឲ្យផ្ទុះទូរស័ព្ទស្លាប់យ៉ាងអាណោចអាធ័ម
ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ មកពីតំបន់ Bastobe ប្រទេសកាហ្សាក់ស្ថាន ត្រូវបានគេប្រទះឃើញដេកស្លាប់ ដោយសារនាងសាកថ្មទូរស័ព្ទហើយទុកវាចោលលើខ្នើយគេងជិតខ្លួន។ ក្មេងស្រីមានឈ្មោះថា Alua Asetkyzy Abzalbek ត្រូវបានគេឱ្យដឹងថា នាងបានចូលគេងដោយមានស្តាប់ចំរៀងនៅក្នុងទូរស័ព្ទ ហើយនៅព្រឹកបន្ទាប់នាងក៏ត្រូវបានគេរកឃើញថាស្លាប់។ វាត្រូវបានគេជឿជាក់ថា ថ្មទូរស័ព្ទរបស់នាងបានផ្ទុះឡើងនៅពេលសាកទុកចោលពេលយប់ ខណៈដែលប៉ូលីសក៏បានរកឃើញភស្ដុតាងទូរស័ព្ទដែលផ្ទុះ ហើយថែមទាំងមានជាប់ឆ្នាំងសាកនៅកន្លែងកើតហេតុ។

ក្មេងស្រីរងគ្រោះត្រូវបានថ្មទូរស័ព្ទផ្ទុះត្រូវក្បាលយ៉ាងខ្លាំង ដែលជាហេតុគ្មានការសង្គ្រោះណាអាចស្រោចស្រង់ជីវិតនាងបាន។ វាមិនច្បាស់ទេថាទូរស័ព្ទនោះជាម៉ាកអ្វី ប៉ុន្តែមូលហេតុគឺដោយសារនាងសាកថ្មទុកចោលជិតខ្លួន ហើយថ្មអាចនឹងផ្ទុះនៅពេលម៉ោងទាបភ្លឺ នៅពេលដែលថ្មវាពេញលើសកំណត់ពេក បណ្តាលឱ្យធ្វើឱ្យឡើងក្ដៅខ្លាំងបង្កឱ្យមានការផ្ទុះនេះ។ ដូច្នេះហើយសូមអ្នកដែលមានទម្លាប់សាកថ្មទូរស័ព្ទទុកចោល គួរប្រុងប្រយ័ត្ន និងកែទម្លាប់នេះចេញ ដើម្បីចៀសវាងករណីគួរឱ្យសង្វេគចិត្តបែបនេះ៕


អត្ថបទ៖ លីដា