ជនដៃដែលបាញ់សម្លាប់ជនរងគ្រោះនៅហាងកាហ្វេ ត្រូវបានចាប់ខ្លួនហើយ ថែមទាំងជាមិត្តភក្តិនឹងគ្នា សង្ស័យការបាញ់ប្រហារផ្តើមចេញពីគំនុំផ្ទាល់ខ្លួន
ខេត្ត រតនគិរី ៖ ករណីឃាតកម្មគិតទុកជាមុន(បាញ់នឹងអាវុធខ្លី) នៅក្នុងហាងកាហ្វេ ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង៩ៈ២០នាទី ដែលធ្វើអោយមានការភ្ញាក់ផ្អើលនោះ ពេលនេះត្រូវបានសម្ថកិច្ចជំនាញព្រហ្មទណ្ឌសហការណ៍ជាមួយកម្លាំងអធិការក្រុងបានលុង ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានហើយមានឈ្មោះ នួន មករា(ហៅក្រឹម) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បច្ចុប្បន្នកំពុងឃាត់ខ្លួននៅស្នងការដ្ឋានដើម្បីបំពេញបែបបទតាមនីតិវិធី។
គួររំលឹកថាជនរងគ្រោះឈ្មោះ ផន ទុំ ដែលមានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ មូលហេតុសង្ស័យផ្ដើមចេញពីរឿងគំនុំផ្ទាល់ខ្លួន ដោយជនសង្ស័យគឺជាមិត្តភ័ក្រជាមួយជនរងគ្រោះទៀតផង។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕




