រថយន្ត

ក្រុមហ៊ុន HYUNDAI ជួលវិស្វកររបស់ NASA ដើម្បីដំណើរការផលិតកម្ម “រថយន្តហោះ” របស់ខ្លួន

BY
autoadmin
October 3, 2019

ថ្ងៃនេះក្រុមហ៊ុនហ៊ីយ៉ាន់ដាយ (HYUNDAI) បានឈានចូលទៅក្នុងទីផ្សារថ្មីសន្លាងមួយទៀត ជាមួយនឹងវិស័យបណ្ដាញយានហោះចល័ត (Urban Air Mobility) ដើម្បីបង្កើតយានហោះហើរចល័ត (ឡានហោះ) ផ្ទាល់ខ្លួន។ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានតែងតាំងលោកបណ្ឌិត ចៃវ៉ុន ស៊ីន (Jaiwon Shin) ជាប្រធានផ្នែក UAM ថ្មីរបស់ខ្លួន។ លោក ចៃវ៉ុន ស៊ីន គាត់ក៏ជាប្រធានបេសកកម្មស្រាវជ្រាវផ្នែកអវកាស (Aeronautics Research Mission Directorate) របស់អង្គការណាសាផងដែរ។

លោក ចៃវ៉ុន ស៊ីន និងក្រុមរបស់គាត់ នឹងត្រូវមានភារកិច្ចអភិវឌ្ឍបច្ចេកវិទ្យាស្នូលនៅពីក្រោយយានយន្តហោះសម្រាប់ក្រុមហ៊ុន។ ហើយយោងតាមក្រុមហ៊ុនហ៊ីយ៉ាន់ដាយ វិស័យ UAM ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១.៥ ទ្រីលានដុល្លារ ក្នុងរយៈពេល ២០ឆ្នាំខាងមុខ។ ប៉ុន្តែយ៉ាងណាក៏ដោយហ៊ីយ៉ាន់ដាយ មិនមែនជាក្រុមហ៊ុនមុនគេដែលចូលខ្លួនក្នុងវិស័យនេះទេ! ជាក់ស្ដែង Uber កំពុងធ្វើការលើតាក់ស៊ីហោះហើរជាមួយក្រុមហ៊ុន Bell ។ ក្រុមហ៊ុនផលិតយន្ដហោះ Volocopter ក៏មានតាក់ស៊ីឈ្មោះ 18-rotor រួចហើយដែរ ខណៈ Lilium ក៏មានតាក់ស៊ីហោះ ដែលអាចផ្ទុកអ្នកដំណើរបាន ៥នាក់ ហើយក្រុមហ៊ុនប៊ូអ៊ីង និង Kitty Hawk ក៏កំពុងបានសហការគ្នាលើវិស័យនេះ។

ទោះយ៉ាងណាបទពិសោធន៍របស់លោក ចៃវ៉ុន ស៊ីន ធ្វើការនៅលើយន្ដហោះ X-supersonic, យន្ដហោះអគ្គិសនី, ប្រព័ន្ធគ្រប់គ្រងយន្ដហោះគ្មានមនុស្សបើក (UAS) និង UAM អាចផ្តល់ឱ្យក្រុមហ៊ុនហ៊ីយ៉ាន់ដាយនូវការប្រកួតប្រជែងរបស់ខ្លួនបាន៕

អត្ថបទ៖ លីដា

Share This Post: