តិចអត់ជឿ! ប៊ឺហ្គឺរមួយដុំនេះមានតម្លៃជិត ២០០ ដុល្លារ
ជាមធ្យមលោកអាចចំណាយប្រាក់ត្រឹមតែ ៥ ដុល្លារគឺអាចទិញប៊ឺហ្គឺរពីហាងល្បីៗមួយដុំមកញ៉ាំយ៉ាងឆ្ងាញ់ពិសារបានទៅហើយ តែយ៉ាងណាក្តីមានប៊ឺហ្គឺរពិសេសមួយដុំត្រូវបានគេរាយការណ៍ថា មានតម្លៃជិតដល់ ២០០ ដុល្លារឯណោះ។ បើយោងតាមសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ប៊ឺហ្គឺរដ៏ថ្លៃនេះនឹងមានលក់នៅក្នុងប្រទេសសឹង្ហបុរី ដែលមានតម្លៃជាក់ស្តែង ២៥០ ដុល្លារសឹង្ហបុរី (១៨០ ដុល្លារអាមេរិក) និងត្រូវបានគេចាត់ទុកថា ជាប៊ឺហ្គឺរដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោកទៀតផង។ ប៊ឺហ្គឺរមួយដុំនេះមានគ្រឿងផ្សំពិសេសៗដូចជា៖
-នំបុ័ងមូលតូចៗរុំដោយមាស ២៤ ការ៉ាត់ (ជាប្រភេទសន្លឹកលោហៈធាតុដែលបង្កើតឡើងដោយមានលាយមាសសុទ្ធដើម្បីឲ្យមានពណ៌មាសប្រើសម្រាប់រុំនំបុ័ង និងអាចបកចោលបានពេលញ៉ាំ)
-សាច់គោ Wagyu របស់ជប៉ុនទម្ងន់ ២០០ ក្រាម
-ថ្លើមពពែ ឬថ្លើមទាមួយដុំ
-ខ្ទឹមបារាំងវែងៗ (banana shallots) ចម្អិនជាមួយស្រាសំប៉ាញ
-ប៊ឺចម្រាញ់ចេញពីកន្ទុយបង្កង
-ផ្សិតអ៊ីតាលី Truffle ស្រស់
-ដំណាប់ស្ពៃក្ដោបក្រហមមានរស់ជាតិហឹរ
-ពងត្រីប្រឡាក់៕

អត្ថបទ៖ភក្តី