អន្តរជាតិ

ប្រទេសទាំង ១០ ដែលអំណោយផលបំផុតក្នុងពិភពលោក ដើម្បីធ្វើការ, បង្កើតមិត្ត និងតាំងលំនៅ សម្រាប់ជនបរទេស

BY
autoadmin
October 10, 2019

១០. សាធារណរដ្ឋឆេក (ឆេក) ៖ ជនបរទេសនៅទីនេះរីករាយនឹងឱកាសធ្វើដំណើរកម្សាន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជនបរទេសភាគច្រើនសប្បាយចិត្តនឹងការចំណាយក្នុងការរស់នៅ និងថែទាំសុខភាពទាប។ ប៉ុន្តែវាពិបាកក្នុងការតាំងទីលំនៅនៅក្នុងប្រទេសនេះ ព្រោះជនបរទេសនៅទីនោះនិយាយថា ប្រជាជនជាទូទៅមិនរាក់ទាក់គ្នា ហើយភាសាឆែកគឺពិបាករៀន។

៩. ម៉ាឡេស៊ី៖ ជនបរទេសនៅទីនេះនិយាយថា ពួកគេរកចំណូលបានច្រើនជាងល្មមសម្រាប់តម្រូវការគ្រួសារប្រចាំថ្ងៃ ហើយវាងាយស្រួលក្នុងការតាំងទីលំនៅ និងបង្កើតមិត្តថ្មី។ ជនបរទេសហ្វីលីពីនម្នាក់បានប្រាប់ InterNations ថា៖ “មានកន្លែងជាច្រើនដែលត្រូវទៅលេង ហើយអ្នកនឹងមិនចេះខ្វះអ្វីធ្វើនោះទេ”។ ទោះជាយ៉ាងណាក៏ដោយមានតែអ្នកឆ្លើយសំណួរពាក់កណ្តាលប៉ុណ្ណោះ ដែលនិយាយថា ពួកគេពេញចិត្តទស្សនវិស័យការងាររបស់ពួកគេនៅទីនោះ។

៨. អេក្វាឌ័រ៖ ជនបរទេសនៅទីនេះមានសុភមង្គលបំផុតនៅលើពិភពលោក ហើយជាពិសេសថ្លៃនៃការរស់នៅមានតម្លៃទាប។ បរទេសជនជាតិអាមេរិកម្នាក់បានប្រាប់ InterNations ថា៖ “ជីវិតទូទៅគឺសាមញ្ញ និងរីករាយ”។ ទោះយ៉ាងណា ៣១% នៃជនបរទេស ហាក់ដូចជាមិនសប្បាយចិត្តនឹងឱកាសការងារ។ ពួកគេក៏និយាយថាវាពិបាកក្នុងការចរចាដោយគ្មានសាច់ប្រាក់។

៧. បារ៉ែន៖ អនាគតអាជីពនៅទីនេះគឺល្អ ហើយបរិយាកាសល្អសម្រាប់គ្រួសារដែលមានកូន។ ជនបរទេសនិយាយថា វាងាយស្រួលក្នុងការរាប់អានមិត្ត និងរស់នៅដោយមិននិយាយភាសាក្នុងស្រុក (ភាសាអារ៉ាប់)។ ទោះយ៉ាងណាក៏ដោយមនុស្សជាច្រើនក៏និយាយថា ពួកគេមិនសប្បាយចិត្តនឹងម៉ោងការងារ និងសន្តិសុខការងាររបស់ពួកគេ។ ជនបរទេសឥណ្ឌាម្នាក់នៅក្នុងប្រទេសបានត្អូញត្អែរពី “អស្ថិរភាពសេដ្ឋកិច្ច និងការពិតដែលថាវាមិនមានកំណើន”។

៦. សិង្ហបុរី៖ វាងាយស្រួលក្នុងការតាំងទីលំនៅ ហើយប្រជាជនមានអារម្មណ៍ថាមានសុវត្ថិភាព។ បរទេសស្ទើរតែទាំងអស់និយាយថា ពួកគេសប្បាយរីករាយជាមួយនឹងប្រព័ន្ធដឹកជញ្ជូនក្នុងតំបន់របស់ក្រុង ហើយវាងាយស្រួលក្នុងការធ្វើដំណើរជុំវិញតំបន់។ ភាសាអង់គ្លេសត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងទីក្រុង ទោះបីជាអ្នកស្រុកជាច្រើននិយាយភាសាចិនកុកងឺក៏ដោយ។ ទោះយ៉ាងណាប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលថ្លៃបំផុតសម្រាប់ការថែទាំសុខភាព ការអប់រំ និងថ្លៃដើមទូទៅសម្រាប់ការរស់នៅ។

៥. អេស្បាញ៖ សេវាថែទាំសុខភាពអេស្បាញមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់ ហើយអ្នកស្រុកនៅទីនោះតែងតែស្វាគមន៍គ្រួសារដែលមានកូន។ អាកាសធាតុ និងភាពសម្បូរសកម្មភាពកម្សាន្តរបស់អេស្បាញ ជាលក្ខណៈពិសេសល្អបំផុតពីររបស់ប្រទេសនេះ។ តែទោះយ៉ាងណាជនបរទេសក៏និយាយដែរថា ពួកគេព្រួយបារម្ភអំពីសេដ្ឋកិច្ច និងចក្ខុវិស័យអាជីពរបស់ប្រទេស។

៤. ម៉ិកស៊ិក៖ ជនបរទេសនិយាយថា អ្នកស្រុកមានភាពរួសរាយរាក់ទាក់ ហើយការចំណាយ និងគុណភាពនៃការថែទាំ និងការអប់រំកុមារគឺល្អ។ ទោះយ៉ាងណាក៏ដោយអ្នកឆ្លើយសំណួរជាច្រើននិយាយថា ពួកគេព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ និងកូនៗ នៅក្នុងប្រទេសនេះ។

៣. ព័រទុយហ្កាល់៖ អាកាសធាតុរបស់ព័រទុយហ្កាល់ល្អ វាងាយស្រួលក្នុងការតាំងទីលំនៅ ហើយមានជម្រើសជាច្រើនសម្រាប់ការទាក់ទងក្នុងសង្គម។ ជនបរទេសក៏ពេញចិត្តចំពោះការចំណាយទាបនៃការរស់នៅក្នុងប្រទេសព័រទុយហ្កាល់។ ទោះជាយ៉ាងណាក៏ដោយមានតែអ្នកឆ្លើយតបពាក់កណ្តាលប៉ុណ្ណោះដែលមានភាពវិជ្ជមានអំពីអនាគតអាជីព និងសុវត្ថិភាពការងារនៅក្នុងប្រទេសនេះ។

២. វៀតណាម៖ ជីវិតនៅប្រទេសវៀតណាមមានតម្លៃសមរម្យ ហើយប្រាក់ចំណូលគិតថ្លៃពន្ធរួច (disposable income) របស់ជនបរទេស គឺលើសពីតម្រូវការចំណាយប្រចាំថ្ងៃ។ ប្រជាជននៅទីនេះក៏រីករាយនឹងឱកាសអាជីពរបស់ពួកគេដែរ។ ជនបរទេសធ្លាប់បានប្រាប់ HSBC កាលពីដើមឆ្នាំនេះថា ការធ្វើសមាហរណកម្មនៅប្រទេសវៀតណាមមានភាពងាយស្រួល ហើយប្រជាជនក្នុងស្រុកក៏ស្វាគមន៍ពួកគេ។ ប៉ុន្តែ InterNations និយាយថា ប្រទេសនេះនៅមានភាពយឺតយ៉ាវទាក់ទងនឹងជីវិតឌីជីថល និងគុណភាពបរិស្ថាន។

១. តៃវ៉ាន់៖ ជនបរទេសសរសើរមិនដាច់ពីមាត់នូវគុណភាពនៃជីវិត, លទ្ធភាពនិងគុណភាពនៃការថែទាំសុខភាព, សុវត្ថិភាព និងទស្សនវិស័យអាជីពនៅតៃវ៉ាន់។ កាលពីខែឧសភា ឆ្នាំ២០១៩ សភាតៃវ៉ាន់ក៏បានក្លាយជាមនុស្សដំបូងគេនៅអាស៊ី ដែលធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាមានលក្ខណៈស្របច្បាប់។ ប៉ុន្តែយ៉ាងណាក៏ដោយពួកបរទេសមានការពិបាកក្នុងការរៀនក្នុងស្រុក នោះគឺភាសាចិន៕

អត្ថបទ៖ លីដា

Share This Post: