អន្តរជាតិ

សិស្សឥណ្ឌារាប់ពាន់នាក់នាំគ្នាអង្គុយពាក់មុខរូបលោក ស៊ី ជីនពីង ដើម្បីស្វាគមន៍ប្រធានាធិបតីចិនមកកាន់ប្រទេសរបស់ពួកគេ

BY
autoadmin
October 12, 2019

និស្សិតរាប់ពាន់នាក់នៅឯសាលាមួយក្នុងទីក្រុង Chennai នៃប្រទេសឥណ្ឌា បានស្វាគមន៍ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មកកាន់ប្រទេសរបស់ពួកគេ ដោយភាពរីករាយរាក់ទាក់បំផុត ប៉ុន្តែក៏មើលទៅចម្លែកបន្ដិចដែរ។ ដោយកាលពីថ្ងៃព្រហស្បតិ៍និស្សិត ២,០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលារបស់ពួកគេ ក្នុងទម្រង់ជាឈ្មោះរបស់លោកប្រធានជាតួអក្សរចិន ខណៈពេលដែលពួកគេបានពាក់របាំងមុខរូបមេដឹកនាំចិននេះតែម្ដង។ សារលិខិតទាំងមូលបានសរសេរថា “សូមស្វាគមន៍ដោយរីករាយ ស៊ី ជីនពីង” ។

លោក ស៊ី បានមកដល់ប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ សម្រាប់រយៈពេលពីរថ្ងៃនៃព្រឹត្តិការណ៍ និងកិច្ចពិភាក្សាក្រៅផ្លូវការ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី នៅឯ Mahabalipuram រដ្ឋ Tamil Nadu ។ ដំណើរមកកាន់ប្រទេសឥណ្ឌានេះ គឺជាការឆ្លើយតបដែលលោក ម៉ូឌី បានទៅក្រុង Wuhan របស់ចិនកាលពីឆ្នាំមុន។ មេដឹកនាំពិភពលោកទាំងពីរនឹងមានការពិភាក្សាជាច្រើន ក៏ដូចជាបញ្ហានៅ Kashmir ។ នៅក្នុងកិច្ចប្រជុំមួយនៅដើមសប្តាហ៍នេះជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan លោក ស៊ី បានប្រកាសថា ប្រទេសចិននឹងគាំទ្រប្រទេសប៉ាគីស្ថានលើបញ្ហានានា ដែលទាក់ទងទៅនឹងផលប្រយោជន៍ស្នូលរបស់ខ្លួន។

សេចក្តីថ្លែងការណ៍រួមពីមេដឹកនាំទាំងពីរបាននិយាយថា ទឹកដី Jammu និង Kashmir គួរតែត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ និងដោយសន្តិភាព ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពាក់ព័ន្ធ និងកិច្ចព្រមព្រៀងទ្វេភាគី។ បន្ទាប់ពីដឹងពីសេចក្តីថ្លែងការណ៍នេះ ឥណ្ឌាក៏បានព្រមានចិនឱ្យនៅក្រៅកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕

អត្ថបទ៖ លីដា

Share This Post: