អន្តរជាតិ

អវកាសយានិកសូវៀត Alexei Leonov ជាមនុស្សដំបូងដែលបានដើរលើអវកាស បានស្លាប់ក្នុងវ័យ ៨៥ឆ្នាំ

BY
autoadmin
October 12, 2019

លោក Alexei Leonov ជាអវកាសយានិកជើងចាស់ជនជាតិរុស្ស៊ី និងជាបុរសទី១ ដែលដើរនៅលើលំហរ កាលពីឆ្នាំ១៩៦៥ បានទទួលមរណភាពហើយកាលពីថ្ងៃសុក្រ នៅឯទីក្រុងមូស្គូ ប្រទេស​រុស្ស៊ី ក្នុងវ័យ ៨៥ឆ្នាំ។ កាលពី ៥៤ឆ្នាំមុន គាត់គឺជាអវកាសយានិកដំបូងដែលបានបង្កើតប្រវត្តិសាស្រ្ត ដោយបានចាកចេញពីយានអវកាសរបស់ខ្លួន ហើយចេញដើរទៅលើលំហររយៈពេល ១២នាទី។ គាត់មានដើមកំណើតនៅស៊ីបេរី គាត់ជាអ្នកបើកយន្តហោះម្នាក់ក្នុងចំណោម ២០នាក់ នៃកងទ័ពអាកាសសូវៀត ដែលបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ដើម្បីក្លាយជាផ្នែកមួយនៃក្រុមអវកាសយានិកដំបូងគេក្នុងឆ្នាំ១៩៦០ ហើយគាត់ក៏បានស្គាល់គ្នាជាមួយ Yuri Gagarin ។

បេសកកម្មឆ្នាំ១៩៦៥ ដែលមានឈ្មោះថា Voskhod 2 (Dawn 2 ជាភាសាអង់គ្លេស) បានកើតឡើងចំពេលមានការប្រកួតប្រជែងអវកាសដ៏ចម្រូងចម្រាសរវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក។ ទោះបីជាមានបញ្ហា glitches ជាច្រើនដូចជា បញ្ហា airlock មិនអាចបើកបាន និងយានរបស់គាត់បាត់គោលដៅចុះចត ការហោះហើរជាប្រវត្តិសាស្ត្រនេះត្រូវបានគេចាត់ទុកថាជាជោគជ័យ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺលោក Alexei Leonov គ្រោងនឹងក្លាយជាបុរសដំបូងគេដែលចុះចតនៅលើឋានព្រះច័ន្ទទៅហើយ ប៉ុន្តែគម្រោងដ៏ថ្លៃមហិមានោះត្រូវបានលុបចោល។ ពេលនោះហើយដែលបេសកកម្មអាប៉ូឡូ១១ របស់អាមេរិក បានជោគជ័យចុះចតលើឋានព្រះចន្ទ នៅឆ្នាំ១៩៦៩ វ៉ាដាច់សូវៀត៕

អត្ថបទ៖ លីដា

Share This Post: