អស់រលីងហើយចោរអើយ! បុរសម្នាក់សរសេរបិទប្រកាសផ្ញើជូនលោងបងចោរគ្រប់រូប ព្រោះតែអស់សេចក្តីអត់ធ្មត់ក្រោយត្រូវចោរគាស់ផ្ទះចូលលួច៧ដងរួចមក
ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីម្ចាស់ផ្ទះម្នាក់សរសេរប្រកាសបិទសេចក្តីជូនដំណឹងទៅដល់លោកបងចោរ បន្ទាប់ពីអស់សេចក្តីអំណត់អត់ធ្មត់ ព្រោះត្រូវចោរគាស់ផ្ទះចូលលួចអស់៧ដងរួចមក។ បុរសដែលជាម្ចាស់ផ្ទះមានឈ្មោះថា វរ៉ាវុធ ឃុនឆារ័ក្ស អាយុ ៣៧ឆ្នាំ ជាម្ចាស់ផ្ទះលេខ៦ ភូមិបានហេ ស្រុកអាងថង ខេត្តអាងថង ប្រទេសថៃ បានរៀបរាប់ឲ្យដឹងពីហេតុការណ៍ក្រោយលោកសម្រេចចិត្តធ្វើបែបនេះថា៖ «ផ្ទះរបស់ខ្ញុំត្រូវបានចោរគាស់លួចអស់៧ដងមកហើយ ហើយខ្ញុំក៏បានធ្វើការដាក់ពាក្យបណ្តឹងផងដែរ តែចាប់ចោរមិនដែរបាននោះឡើយ។ ខ្ញុំមិនអាចទ្រាំបានទៀតនោះទេ ព្រោះតែអស់គ្រប់យ៉ាងគ្មានអ្វីសម្រាប់ឲ្យចោរលួចទៀតនោះឡើយ ទើបសម្រេចចិត្តសរសេរប្រកាសបិទនៅបង្គោលភ្លើងមុខផ្ទះតែម្តងទៅ ក្រែងលោកចោរគាត់បានឃើញ»។
ដោយសេចក្តីប្រកាសនោះបានសរសេររៀបរាប់ថា៖ «ប្រកាសផ្ញើជូនលោកបងចោរដែលមានជំនាញ និងចោរទូទៅទាំងអស់! ឥឡូវនេះផ្ទះខ្ញុំមិនមានអ្វីឲ្យលោកបងចោរលួចទៀតឡើយបាទ ប្រសិនបើលោកបងចោរមានចិត្តមករស់នៅជាមួយខ្ញុំក៏បានដែរតែ តែសូមយកទូរទស្សន៍ ក្បាលចាក់ស៊ីឌី និងចានផ្កាយរណបមកផង ព្រមជាមួយចង្ក្រានហ្គាសដើម្បីដាំទឹកឆុងមី និងធ្វើម្ហូប។ យកមីម៉ាម៉ាកំប៉ុង កញ្ចប់មកផង របស់នៅក្នុងទូរទឹកកកមានដូចជាសាច់មាន់ ជ្រូក ត្រី ក៏ត្រូវលោកបងចោរលួចយកទៅអស់ដែរ។ កុំភ្លេចយកគ្រឿងទឹកត្រី ស្ករ អំបិល ទឹកកាពិ ប្រហុក ក៏យកមកផងព្រោះអស់រលីងហើយ។ ចប់សេចក្តីប្រកាស»៕
អត្ថបទ៖ មេសា


